ក្រុមហ៊ុន Heli-Eastern និងក្រុមហ៊ុន Amber Aviation Limited ដែលមកពីទីក្រុងស៊ីនជិន ប្រទេសចិន បានបង្ហាញពីបំណងរបស់ខ្លួន ដោយចង់ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយផ្តោតលើសេវាហោះហើរឯកជន។

យោងតាមហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា បំណងរបស់ក្រុមហ៊ុនចិនខាងលើនេះ ត្រូវបានធើ្វឡើងនៅក្នុងដំណើរទស្សនកិច្ច ដឹកនាំដោយ លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មកម្ពុជាអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីសិក្សាស្វែងយល់អំពីប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុនទាំងពីរ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រុមហ៊ុន Heli-Eastern គឺជាក្រុមហ៊ុនផលិត ចែកចាយយន្តហោះ Drove ខ្នាតតូច សម្រាប់បម្រើដល់វិស័យដឹកជញ្ជូនក្នុងទីក្រុង និងសម្រាប់បម្រើការងារកសិកម្ម ព្រមទាំងធ្វើអាជីវកម្មបម្រើសេវាហោះហើរយន្តហោះ Helicoper ក្នុងតំបន់ Great Bay Areaម(Guangdong-Hong Kong-Macao Great Bay Area)។
ដោយឡែក ក្រុមហ៊ុន Amber Aviation Limited ជាក្រុមហ៊ុនបម្រើសេវាហោះហើរយន្តហោះ Private Jet សម្រាប់ការធ្វើដំណើរនៅក្នុងតំបន់អាស៊ាន។ តាមការបញ្ជាក់ ក្រុមហ៊ុនទាំងពីរខាងលើ បានបង្ហាញបំណងចង់មកធ្វើពាណិជ្ជកម្មនៅកម្ពុជានាពេលខាងមុខ និងពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជាលើសេវាហោះហើរឯកជន ផងដែរ៕ អត្ថបទ៖ ហ្សាលីន

