លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បន្ទាប់ពីដំណើរទស្សនិច្ច៤ជុំ កន្លងទៅបានជួបជាមួយក្រុមហ៊ុនជាង១០ ដែលសុទ្ធតែជាក្រុមហ៊ុនខ្មែរក្នុងស្រុក ដែលមានសមត្ថភាពផលិតជីធម្មជាតិ សរីរាង្គក្នុងស្រុក។ លោកកត់សម្គាល់ឃើញថា ជីដែលផលិតក្នុងស្រុកគឺសុទ្ធតែឆ្លងកាត់ការធ្វើពិសោធន៍នៅអគ្គនាយកដ្ឋានកសិកម្ម មានស្តង់ដារ គុណភាពត្រឹមត្រូវ សមស្របសម្រាប់ការចែកចាយដល់ប្រជាកសិករក្នុងការប្រើប្រាស់។
ក្រសួងកសិកម្ម បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ន ប្រទេសកម្ពុជាមានក្រុមហ៊ុន និងសិប្បកម្មខ្នាតមធ្យមជាង១០ ដែលបាននិងកំពុងផលិតជីសរីរាង្គក្នុងស្រុក ក្នុងបរិមាណជាង៤ម៉ឺនតោន ក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ដល់ប្រជាកសិករ។
លោក គង់ ច័ន្ទវាសនា មានការសប្បាយចិត្តដែលកូនខ្មែរមានសមត្ថភាពក្នុងការបង្កើតសិប្បកម្ម ឬរោងចក្រផលិតជីសរីរាង្គក្នុងស្រុក ដែលជួយបង្កើតការងារ ដោះស្រាយបញ្ហាបរិស្ថាន កាត់បន្ថយការប្រើប្រាស់ជីគីមីនាំចូលពីបរទេស កាត់បន្ថយថ្លៃដើមផលិត និងជួយបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ។
លោកក៏បានបញ្ជាក់ថា បន្ទាប់ពីទស្សនកិច្ចជុំទី៤នេះ លោកនឹងរៀបចំរបាយការណ៍គោរពជូនថ្នាក់ដឹកនាំសម្រេចថាទៅមុខនេះយើងគួររៀបចំជាគោលនយោបាយបែបណាដើម្បីជួយគាំទ្រ ជួយលើកទឹកចិត្តដល់ការផលិតជីសរីរាង្គក្នុងស្រុក ក៏ដូចជាការប្រើប្រាស់ជីសរីរាង្គក្នុងស្រុកនេះឱ្យបានទូលំទូលាយថែមទៀត ក្នុងគោលដៅកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រាក់ចំណេញ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ។
លោក គង់ ច័ន្ទវាសនា ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតជីក្នុងស្រុកទាំងអស់ឱ្យបន្តផលិតស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានាគុណភាព និងចែកចាយក្នុងតម្លៃសមរម្យជូនប្រជាកសិករប្រើប្រាស់កាន់តែទូលំទូលាយថែមទៀត៕