លោក ឌិត ទីណា៖ ទិន្នផលត្រីក្នុងឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុនប្រមាណ​ ១០%​

សង្គម​ និង​សេដ្ឋកិច្ច

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យបញ្ជាក់ឱ្យដឹងថា ការសន្និដ្ឋានបឋមបង្ហាញថា ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ​ ១០%​ ដោយសារការសហការចូលរួមគ្រប់ភាគីពាក់ព័ន្ធ​ ក្នុងការការបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានឱ្យដឹងបែបនេះ ក្នុងដំណើរចុះទស្សនកិច្ចពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រីលេខ១៥ នៅស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូត​ចិន ក្រុមសហភាពអឺរ៉ុប​ និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO)ផងដែរ។

ក្នុងដំណើរចុះទស្សនកិច្ចនេះ លោក ឌិត ទីណា បានសម្តែងនូវការសាទរជាខ្លាំងចំពោះផលត្រីក្នុងឆ្នាំនេះ​ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចទិញត្រីធ្វើប្រហុកបានកាន់តែច្រើន​ ក្នុងតម្លៃធូរថ្លៃ។ លោកបានគូសបញ្ជាក់ថា ក្រសួងកំពុងបន្តតាមដានទិន្នផលត្រីក្នុងឆ្នាំនេះ ដែលការសន្និដ្ឋានបឋមបង្ហាញថា ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ​ ១០%​ ដោយសារការសហការចូលរួមគ្រប់ភាគីពាក់ព័ន្ធ​ ក្នុងការការបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។

បើតាម​រដ្ឋមន្រ្តីកសិកម្ម សមិទ្ធផលនេះមិនមែនកើតឡើងដោយចៃដន្យទេ​ តែគឺជាកិច្ចខិតខំប្រឹងប្រែង​ក្នុងការគ្រប់គ្រង​ និងការដាក់ចេញនូវយុទ្ធសាស្រ្តការពារអភិរក្សធនធានជលផល​បានត្រឹមត្រូវ​ ព្រមទាំងមានការចូលរួមអនុវត្តពីមន្រ្តីជំនាញជលផល​ កងកម្លាំងចម្រុះ​ សហគមន៍នេសាទ​ និងបងប្អូនប្រជានេសាទផងដែរ។

នាឱកាសនោះ លោករដ្ឋមន្រ្តី ក៏អំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ត្រូវចូលរួមបន្តគោរពច្បាប់ជលផល​ ប្រើប្រាស់ឧបករណ៍ស្របច្បាប់​ និងនេសាទតាមច្បាប់កំណត់​ ដើម្បីធានានិរន្តរភាពធនធានជលផលក្នុងធម្មជាតិ។

សូមជម្រាបផងដែរថា នៅក្នុងឆ្នាំ២០២៤ កម្ពុជា ប្រមូលផលនេសាទនិងវារីវប្បកម្ម បានចំនួន ៩២៦ ៩៣៤តោន ក្នុងនោះផលនេសាទទឹកសាប មាន៤៦៧ ៣៤៤តោន ផលនេសាទសមុទ្រ ១៣៩ ៣១០ តោន និងផលវារីវប្បកម្ម ៣២០ ២៨០តោន។ ចំនួននេះមានការកើនឡើង៦០ ៦៨៤តោន ស្មើនឹង៧ភាគរយ បើប្រៀបធៀបឆ្នាំ២០២៣៕