លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមូលនិធិអប់រំកុមារ និងក្រុមការងារ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បាននាំយកជំនួយឧបត្ថម្ភដែលទទួលបានពីសប្បុរសជន ចែកជូនសិស្សានុសិស្សជាង២០០នាក់ ស្ថិតនៅសាលាសាលាបឋមសិក្សាចំការមន ស្រុកឈូក ខេត្តកំពត។

ថ្លែងប្រាប់សារព័ត៌មានឌីជីថល ឧកញ៉ាញូស៍ នៅក្នុងឱកាសនោះផងដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ស្ថាបនិក ប្រធានមូលនិធិអប់រំកុមារ បានលើកឡើងថា៖ «ថ្ងៃនេះ មូលនិធិអប់រំកុមារ បាននាំយកអំណោយពីសប្បុរសជនរួមមានសៀវភៅចំនួន ១០០៨ក្បាល, បន្ទាត់ ៣២០ដើម ជ័រលុប ៣២០, ខ្មៅដៃ ៣២០ដើម,ប៊ិច ចំនួន ៣២០ដើម, អង្ករ, សម្លៀកបំពាក់ និងស្បែកជើង ជូនសិស្សកំព្រា និងកុមារខ្វះខាតជីវភាព ក្នុងការសិក្សារៀនសូត្រ និងសិស្សទូទៅ។
លោកបណ្ឌិត បានគូសបញ្ជាក់ថា មុននឹងឈានមកដល់ក្នុងការផ្ដល់ជូនសម្ភារៈសិក្សានាឱកាសនេះ គឺលោកបណ្ឌិតបានប្រទះឃើញពីភាពខ្វះខាតរបស់សិស្សកំព្រាចំនួន ២នាក់ ដែលសាលាបានបង្ហោះលើបណ្ដាញសង្គមកាលពីពេលកន្លងទៅ ដោយចៃដន្យ។ ក្រោយស៊ើបសួរលម្អិតបន្ថែម ឃើញថា សាលាបឋមសិក្សាមួយនេះ ពិតជានៅឆ្ងាយដាច់ស្រយាលពីតំបន់ប្រជុំជន ចំណែកឯសិស្សភាគច្រើន ក៏មានភាពខ្វះខាត ជាពិសេសសម្ភារៈសម្រាប់សិក្សាផ្ទាល់តែម្ដង។
ទន្ទឹមនឹងការផ្ដល់ជូនដោយក្ដីស្រឡាញ់ដល់សិក្សានុសិស្សដែលមានជីវភាពខ្វះខាតនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានបង្ហាញនូវចក្ខុវិស័យរបស់មូលនិធិផងដែរថា មូលនិធិអប់រំកុមារ បង្កើតឡើងមិនមែន សម្រាប់ជួយជនអ្នកតែខ្វះខាតទេ ប៉ុន្ដែបង្កើតឡើងក្នុងគោលបំណង ផ្ដល់ជូនដល់កុមារដែលមានបំណងបន្ដការសិក្សា បេជ្ញារៀនឱ្យចប់ ថ្នាក់ទី១២។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជន ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ ដែលមានទឹកចិត្តសប្បុរស ចូលរួមធនធានថវិកា និងសម្ភារៈសិក្សា ដល់ក្រុមការងារមូលនិធិអប់រំកុមារ។ បើគ្មាន ការចូលរួមពីសំណាក់សប្បុរសជននាពេលកន្លងមកទេ សកម្មភាពសប្បុរសធម៌ដ៏ធំនេះ នឹងមិនអាចកើតឡើងបានឡើយ។
គួរបញ្ជាក់ផងដែរថា មូលនិធិអប់រំកុមារ (មអក) បានបង្កើតឡើង កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដែលជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជួយគាំទ្រដល់កុមារខ្វះលទ្ធភាពសិក្សា កុំឱ្យពួកគាត់បោះបង់ការ សិក្សា ក៏ដូចជាការផ្ដល់អាហារូបករណ៍ជាសម្ភារៈសិក្សានិងគ្រឿងឧបភោគបរិភោគដល់កុមារដែលមានជីវភាពខ្វះខាត។
គិតត្រឹមថ្ងៃទី៧ មករា ឆ្នាំ ២០២៥នេះ មានរយៈពេល មួយឆ្នាំនៃការបង្កើត «មូលនិធិអប់រំកុមារ»។ ក្រោមការជួយឧបត្ថម្ភ និងចូលរួមពីសំណាក់សប្បុរសជន មូលនិធិអប់រំកុមារ បាននាំយកសម្ភាៈសិក្សា (សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប) សម្លៀកបំពាក់ គ្រឿងឧបភោគបរិភោគ កង់ ម៉ូតូរុឺម៉កកង់៣ សម្រាប់ដឹកកុមារមានពិការភាព កុមារកំព្រា កុមារខ្វះខាតជីវភាព ចែកជូនសិស្សានុសិស្សសរុប បានចំនួនជាង ២០០០នាក់។
បេសកកម្មរបស់មូលនិធិ អប់រំកុមារ គឺកៀរគរថវិកា សម្ភារសិក្សាពីសប្បុរសជន ប្រើប្រាស់ប្រកបដោយតម្លាភាព ត្រឹមត្រូវ និងចំគោលដៅសម្រាប់ជួយដល់កុមារខ្វះលទ្ធភាពសិក្សាពិតប្រាកដនៅកម្ពុជា៕


















