ចែករំលែកព័ត៌មាន ធាតុចូលនិងផ្តល់អនុសាសន៍សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ២០២១-២០២៣ បានត្រូវលើកយកមកពិភាក្សានិងទទួលយកធាតុចូលដើម្បីឱ្យកាន់តែល្អប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍, លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍, លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធជាសមាជិក គ.ស.ហ. ព្រមទាំងក្រុមការងារនៃលេខាធិការដ្ឋាន IDP សរុបប្រមាណ៦០រូប។

អង្គប្រជុំក៏បានចែករំលែកនូវព័ត៌មាន ធាតុចូលនិងផ្តល់នូវអនុសាសន៍សំខាន់ៗក្នុងការត្រៀមគិតគូរសម្រាប់ការរៀបចំឯកសារគោលនយោបាយឧស្សាហកម្មកម្ពុជាសម្រាប់ដំណាក់កាលបន្ទាប់ពិសេសឆ្លើយតបទៅនឹងបរិការណ៍ប្រែប្រួលថ្មីៗដែលកើតមានឡើង។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជា ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថា៖គោលបំណងចម្បងៗនៃកិច្ចប្រជុំ គឺដើម្បី ពិនិត្យពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាង របាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ ២០២១-២០២៣, ពិនិត្យ និងផ្តល់អនុសាសន៍ជំរុញការអនុវត្តវិធានការដែលនៅសេសសល់និងមាន ភាពយឺតយ៉ាវ,និងទី៣.ផ្តល់អនុសាសន៍ណែនាំក្នុងការត្រៀមរៀបចំរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយ IDP។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបជូនអង្គប្រជុំអំពីការរៀបចំរបាយការណ៍វឌ្ឍនភាព នៃការអនុវត្ត ប្រជុំអពីការរៀបចំរបាយការណ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលបានអនុវត្តក្នុងឆ្នាំ២០២១-២០២៣ កន្លងមក ក្រោមការដឹកនាំសម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. ក៏បានគូសរំលេចពីចំណុចសំខាន់ៗមួយចំនួន រួមមាន៖ សាវតារនៃការរៀបចំគោលនយោបាយ IDP ឆ្នាំ២០១៥-២០២៥, ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាដែលផ្តោតលើការជំរុញ កែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធ ឧស្សាហកម្ម ឧស្សាហកម្មអតិពលកម្មឱ្យឈានទៅរកឧស្សាហកម្មផ្អែកលើជំនាញ, ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងភាពប្រកួតប្រជែង និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលរចនាសម្ព័ន្ធ សេដ្ឋកិច្ចក្នុងស្រុក និងសភាពការណ៍ប្រែប្រួលនៃនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ និងសកល, ធាតុផ្សំសំខាន់ៗ ដែលជាកត្តាជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យខាងលើ, វិធានការគោលនយោបាយសំខាន់ៗ ព្រមទាំងខ្លឹមសារ និងទម្រង់នៃសេចក្តីព្រាងរបាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ IDP ក្នុងឆ្នាំ២០២១- ២០២៣៕