មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាគ្នា ជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក្រុមប្រឹក្សាពាណិជ្ជកម្មបរទេសជប៉ុន JFTC ដើម្បីជំរុញការធ្វើធុរកិច្ចពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែខ្លាំងថែមទៀត សំដៅជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់តែរីកចំរើនទ្វេដង។
កិច្ចពិភាក្សានេះ បានធ្វើនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជាមួយ លោក MUTO Yoji រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន និងលោក YASUNAGA Tatsuo ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មបរទេសជប៉ុន ព្រមទាំងថ្នាក់ដឹកនាំរបស់ស្ថាប័នជប៉ុនជាច្រើនទៀត។
ឆ្លៀតក្នុងឱកាសនោះ ភាគីខាងលើ ក៏បានបើកកិច្ចពិភាក្សាជាមួយព្រមទាំងប្រធានក្រុមហ៊ុនវិនិយោគជប៉ុនធំៗមួយចំនួនទៀត ដើម្បីបង្កើតទំនាក់ទំនង ពិសេសសំដៅជំរុញឱ្យមានការធ្វើធុរកិច្ច និងជំរុញអ្នកវិនិយោគជប៉ុន ឱ្យទៅធ្វើធុរកិច្ចពាណិជ្ជកម្ម និងវិនិយោគនៅប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត។
សូមរម្លឹកដែរថា ស្ថានភាពវិនិយោគនៅកម្ពុជា ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៤ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន ៣៤៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥,៥ប៊ីលានដុល្លារអាម៉េរិក មានការកើនឡើង ៣៨% បើ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះ ប្រទេសជប៉ុនឈរនៅលំដាប់ទី៧ ដែលមានទុនវិនិយោគ សរុបប្រមាណ ៤០លានដុល្លារអាម៉េរិក នៃរំហូរទុនវិនិយោគ សរុបនៅកម្ពុជា៕ អត្ថបទ៖ ហ្សាលីន