អតីតទីតាំងគម្រោងផលិតស៊ីម៉ង់ត៍ដែលមានភ្នំថ្មកំបោរលើផ្ទៃដីជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លុបហើយដាក់អភិរក្សសម្រាប់ជាកន្លែងសាសនា ទេសចរណ៍ និងវប្បធម៌វិញ។

ពិធីប្រកាសដាក់អតីតតំបន់អជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ស្ថិតនៅក្នុងឃុំដំណាក់កន្ទួចខាងត្បូង និងឃុំដំណាក់កន្ទួចខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ទុកសម្រាប់កន្លែងសាសនា អេកូទេសចរណ៍ និងវប្បធម៌ នេះ ធ្វើឡើងកាលពីថ្ងៃទី៩ ខែមករាឆ្នាំ២០២៥ ក្រោមអធិបតី លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត។
លោករដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា តំបន់ភ្នំកំពង់ត្រាច តំបន់ភ្នំថ្មកំបោរដែលធ្លាប់បានឱ្យទៅក្រុមហ៊ុនមួយកាលពីឆ្នាំ២០២០ ដើម្បីយកមកធ្វើរោងចក្រស៊ីម៉ង់ត៍ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចថាដី៤៦៣,៦០ហិកតា នៅក្នុងស្រុកកំពង់ត្រាចនេះ គឺទុកអភិរក្សសម្រាប់ជាកន្លែងសាសនា ទេសចរណ៍ និងវប្បធម៌វិញ របស់ខេត្តកំពត ដោយមិនអនុញ្ញាតឱ្យក្រុមហ៊ុន ឬបុគ្គលណាយកភ្នំថ្មកំបោរទៅធ្វើអាជីវកម្មជារោងចក្រស៊ីម៉ង់ត៍ទៀតឡើយ។
សូមជម្រាបជូនថា តំបន់ភ្នំកំពង់ត្រាច ជាតំបន់ធម្មជាតិនិងប្រវត្តិសាស្ត្រមួយ ដែលទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរដែលចង់ទៅកម្សាន្តនៅតំបន់ទេសភាពប្លែកភ្នែក ខ្យល់អាកាសបរិសុទ្ធ ជាពិសេសជាកន្លែងសាសនា ទេសចរណ៍ និងវប្បធម៍៕


