ទិន្នន័យចេញពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានឲ្យដឹងថា កម្ពុជាទទួលបាននូវចំណូលពន្ធចំនួន ៦៣,១លានដុល្លារ ពីល្បែងស៊ីសង និងកាស៊ីណូកាលពីឆ្នាំ២០២៤ កន្លងទៅ ដោយចំនួននេះកើនឡើងរហូតដល់ទៅ៨៥% ឯណោះពីមួយឆ្នាំទៅមួយឆ្នាំ។
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ មានអាជ្ញាប័ណ្ណកាស៊ីណូចំនួន ១៥៩កន្លែង ខណៈអាជ្ញាប័ណ្ណចំនួន ១កន្លែង ត្រូវបានដកហូត អាជ្ញាប័ណ្ណ ១កន្លែងទៀតត្រូវបានព្យួរ និង ១៥អាជ្ញាប័ណ្ណផ្សេងទៀតបានផុតកំណត់។
គួរឲ្យដឹងថា កម្ពុជាផ្តល់អជ្ញាប័ណ្ណឲ្យមានការបើកកាស៊ីណូដូច្នេះ ក៏ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងក៏ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរមកពីក្រៅប្រទេស ដូចដែលបានដឹងកាស៊ីណូស្ទើរតែទាំងអស់ ត្រូវបានបង្កើតឡើងនៅតាមតំបន់ព្រំដែន និងនៅតាមខេត្តជាប់មាត់សមុទ្រ ដូចខេត្តព្រះសីហនុជាដើម លើកលែងតែមួយប៉ុណ្ណោះក្នុងរាជធានីភ្នំពេញ។
ដោយឡែកទាក់ទិននឹងការចូលលេងនៅកាស៊ីណូនេះ មាត្រា៦៨ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម របស់ព្រះរាជាណាចក្រកម្ពុជា គឺអនុញ្ញាតឲ្យតែជនបរទេសចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូប៉ុណ្ណោះ ពោលមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរទូទៅ ដោយរួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិ ដោយការបោះឆ្នោត នោះទេ៕