ស្ថានទូតអាមេរិកនៅភ្នំពេញ រៀបចំកិច្ចប្រជុំកំពូលយុវជនអាស៊ីអាគ្នេយ៍ YSEALI លើប្រធានបទស្តីពី «ការចូលរួមរបស់ប្រជាពលរដ្ឋ»

សង្គម​ និង​សេដ្ឋកិច្ច

ស្ថានទូតអាមេរិកនៅភ្នំពេញ កំពុងរៀបចំកិច្ចប្រជុំកំពូលជាលើកដំបូង នៃអតីតសមាជិកកម្មវិធី YSEALI ស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋ ដែលរៀបចំធ្វើនៅរាជធានីភ្នំពេញ ពីថ្ងៃទី ៩ ដល់ ១២ ខែមករា ឆ្នាំ ២០២៥ ។ កិច្ចប្រជុំដ៏មានសារសំខាន់នេះ ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមប្រារព្ធខួបលើកទី ៧៥ នៃទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំកំពូលប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ ផ្តោតលើប្រធានបទ ការផ្តល់អំណាចដល់អតីតបេក្ខជនកម្មវិធី YSEALI ឱ្យបង្កើតនូវការផ្លាស់ប្តូរជាវិជ្ជមាន។ កិច្ចប្រជុំដែលកំពុងរៀបចំធ្វើនៅប្រទេសកម្ពុជានេះ មានអ្នកចូលរួមជាយុវជនចំនួន ១៧៥ ពីបណ្តាប្រទេសសមាជិកអាស៊ាន និង ប្រទេសទីម័រលេស្ត ដើម្បីឱ្យពួកគេបានផ្លាស់ប្តូរគំនិតយោបល់ រៀនសូត្រពីគំរូគ្នា ដើម្បីចូលរួមធ្វើការសហគមន៍ កសាងនូវសមត្ថភាព និងសហការលើគម្រោងការចូលរួមសង្គមនានា ទាំងក្នុងស្រុកនិងតំបន់ ។

វេទិកានេះ ក៏នឹងផ្តល់ឱកាសធ្វើការអនុវត្តជាក់ស្តែងតាមរយៈ ការចុះតាមទីកន្លែងនានា ដូចជាស្ថានទូតអាមេរិក ស្ថាប័នរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល និងសហគ្រាសមួយចំនួនទៀត នៅរាជធានីភ្នំពេញ ។

ដោយមានការអ្នកអនុវត្តកម្មវិធីមកពីសាកលវិទ្យាល័យ Nebraska នៅ Omaha ជាមួយស្ថាប័នដៃគូ សាកលវិទ្យាល័យរដ្ឋ Arizona និង សាកលវិទ្យាល័យរដ្ឋ Portland កិច្ចប្រជុំកំពូលអ្នកផ្លាស់ប្តូរអាស៊ីអាគ្នេយ៍ ផ្តោតលើចំណុចខ្លាំងនៃរវាងទំនាក់ទំនងប្រជាជននិង ប្រជាជន និង ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក លើសសរស្តមសង្គមសេដ្ឋកិច្ច ក្រោមភាពជាដៃគូយុទ្ធសាស្ត្រអាមេរិក អាស៊ាន ។

លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិក មានប្រសាសន៍ថា ៖ «កិច្ចប្រជុំកំពូលអ្នកផ្លាស់ប្តូរអាស៊ីអាគ្នេយ៍នៃកម្មវិធី YSEALI ជាការឆ្លុះបញ្ចាំងពីការជួយគាំទ្រជាយូរអង្វែងរបស់សហរដ្ឋអាមេរិក លើការអភិវឌ្ឍភាពជាអ្នកដឹកនាំយុវជន នៅក្នុងតំបន់ ដែលនេះជាព្រឹត្តិការណ៍លើកដំបូងក្នុងការប្រារព្ធខួបលើកទី ៧៥ ឆ្នាំនៃទំនាក់ទំនងការទូតសហរដ្ឋអាមេរិក និង ប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០២៥ នេះ ។ តាមរយៈកម្មវិធី YSEALI យើង បន្ត ការផ្តល់ភាពអង់អាចដល់យុវជនជាអ្នកដឹកនាំនាពេលអនាគត ដើម្បីលើកកម្ពស់នូវការភ្ជាប់ទំនាក់ទំនងគ្នាដ៏រឹងមាំ បង្កើតបាននូវអនាគតដែលមានភាពធន់ មានការចូលរួម និង មានចីរភាពសម្រាប់តំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក និង ពិភពលោក»៕