បច្ចុប្បន្នខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១២ ក្នុងទុនវិនិយោគ ៣ ពាន់លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១២ ដែលកំពុងដំណើរការ ក្រោមទំហំទុនវិនិយោគប្រមាណ៣ពាន់លានដុល្លារអាម៉េរិក ដោយបានជំរុញចរន្តសេដ្ឋកិច្ចខេត្តមួយនេះឱ្យរីកចំរើនពីមួយថ្ងៃទៅថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរបាយការណ៍របស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (WANLI Tire) កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។

ប្រភពដដែល បានបន្តថា គិតមកដល់ពេលបច្ចុប្បន្ននេះ នៅក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ ដែលកំពុងដំណើរការ ហើយបានស្រូបទាញគម្រោងវិនិយោគប្រមាណ ២៨០គម្រោង ក្នុងទុនវិនិយោគប្រមាណ ៣ពាន់លាន ដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ៩៨ ០០០កន្លែង។

ដោយឡែក សម្រាប់ត្រឹមតែតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិតវិញ បានស្រូបយកគម្រោងវិនិយោគចំនួន ១១គម្រោង ហើយវិស័យដែលគួរឱ្យកត់សម្គាល់នោះគឺការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មី និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់មិនធ្លាប់មាននៅកម្ពុជា។

ជាងនេះទៀត ក្នុងចំណោមគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ៦ ដែលមានវត្តមាននៅកម្ពុជា ក្នុងនោះមានគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ២ ដែលបោះទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត នៃខេត្តស្វាយរៀង ក្នុងនោះមានគម្រោងវិនិយោគរោងចក្រផលិតសំបកកង់រថយន្ត តម្លៃជាង៥០០លានដុល្លារ ក៏ទើបប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ ដោយក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក WANLI TIRE (CAMBODIA) CO., LTD.នាពេលនេះផងដែរ៕ អត្ថបទ៖ ហ្សាលីន