លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការជំរុញ និងលើកទឹកចិត្តទៅកាន់វិនិយោគិនទាំងអស់ បន្តចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ដើម្បីធ្វើការទាក់ទាញវិនិយោគិនមកកាន់កម្ពុជាថែមទៀត។លោកថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (WANLI Tire) នាខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានលើកឡើងថា តួលេខនៃការកើនឡើងរបស់គម្រោងវិនិយោគ ដែលបង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា គឺមានកត្តាសំខាន់ៗដូចជា៖ ១.កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ២.លក្ខខណ្ឌល្អប្រសើរនៃក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និង ៣.ការបើកចំហសេដ្ឋកិច្ច ទទួលការវិនិយោគស្ទើរលើគ្រប់វិស័យ ជាពិសេសភាពអំណោយផលនៃលក្ខខណ្ឌ និងការលើកទឹកចិត្តវិនិយោគ ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមគ្នានេះ លោកក៏បានលើកទឹកចិត្ត ដល់វិនិយោគិនទាំងអស់ បន្តចូលរួមផ្សព្វផ្សាយព័ត៌មាន ល្អៗ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីធ្វើការទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីបង្កើតការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចជាតិដើម្បី ឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។
យ៉ាងណាមិញ លោក ស៊ុន ចាន់ថុល ក៏បានលើកទឹកចិត្តឱ្យបណ្តារអ្នកវិនិយោគប្រើប្រាស់ជាសាធារណៈនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management -cdcIPM) ដែលជាថ្នាលបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង ទាំងការដាក់ពាក្យ ការបង់កម្រៃសេវា កាន់តែឆាប់រហ័ស ពិសេសមានភាពងាយស្រួល និងចំណេញពេលវេលាថែមទៀត។
សូមរម្លឹកដែរថា ក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង (កើនឡើងចំនួន ១៤៦គម្រោង ឬ៥៤%) មានទំហំទុនវិនិយោគ ៦ ៩០០ លានដុល្លារអាម៉េរិក (កើនឡើង ១ ៩៧៣ លានដុល្លារអាម៉េរិក ឬ៤០%) បើធៀបនឹងឆ្នាំ២០២៣។ គម្រោងវិនិយោគទាំងនោះ អាចបង្កើតការងារសរុបប្រមាណ ៣៣ ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ៕ អត្ថបទ៖ ហ្សាលីន