តើមុខតំណែងមានតម្រូវការខ្ពស់ទាំង២០ ដែលត្រូវបានស្វែងរកច្រើនបំផុតក្នុងចំណោម អ្នកស្វែងរកការងារជាយុវជន ពេលស្វែងរកការងារជាលើកដំបូងមានអ្វីខ្លះ?
ទស្សនវិស័យមុខរបរ និងការងារ៖ តម្រូវការជំនាញ និងការងារសម្រាប់យុវជន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ការជ្រើសរើសអាជីព និងតម្រូវការនៃកម្លាំងពលកម្មកំពុងរីកចម្រើន ខណៈវិស័យ និងមុខតំណែងដែលមានតម្រូវការខ្ពស់ សម្រាប់យុវជន។
ប្រភពខាងលើបានគូសបញ្ជាក់ថា មុខតំណែងមានតម្រូវការខ្ពស់នៅកម្ពុជា ដែលត្រូវបានស្វែងរកច្រើនបំផុតក្នុងចំណោមអ្នកស្វែងរកការងារជាយុវជន ពេលស្វែងរកការងារជាលើកដំបូង មាន២០ ដូចជា៖
១, គណនេយ្យករកម្រិតខ្ពស់ ឬសវនករ ២, គ្រូបង្រៀននៅសកលវិទ្យាល័យឬឧត្តមសិក្សា ៣, វិស្វករឧស្សាហកម្ម និងផលិតកម្ម ៤, គ្រូបង្រៀននៅថ្នាក់មធ្យមសិក្សា ៥, អ្នកតំណាងលក់ផ្នែកពាណិជ្ជកម្ម ៦, វិស្វករសំណង់ស៊ីវិល ៧, ចុងភៅ ៨, បុគ្គលិកឬជំនួយការផ្នែកធនធានមនុស្ស ៩, វិជ្ជាជីវៈខាងទំនាក់ទំនងសាធារណៈ ១០, អ្នកបច្ចេកទេសគាំទ្រដល់អ្នកប្រើប្រាស់នូវបច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន ១១, វិជ្ជាជីវៈខាងគិលានុបដ្ឋាយិកា ១២, វិស្វករអគ្គិសនី ១៣, អ្នកបច្ចេកទេសខាងវិស្វកម្មអេឡិចត្រូនិក ១៤, បុគ្គលិកទូទៅផ្នែកកត់ត្រាគណនេយ្យ និងបញ្ជី ១៥, ភ្នាក់ងារខាងមូលបត្រ និងហិរញ្ញវត្ថុ ១៦, គ្រូបង្រៀនអប់រំវិជ្ជាជីវៈ ១៧, បុគ្គលិកផ្គត់ផ្គង់ ឬលទ្ធកម្ម ១៨, អ្នកបច្ចេកទេសគ្រឿងម៉ាស៊ីន ១៩, អ្នកទទួលភ្ញៀវក្នុងសណ្ឋាគារ ២០, អ្នកក្រឡុកស្រា។
សូមជម្រាបជូនផងដែរថា ខណៈសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងជាមួយនឹងអត្រាប្រចាំឆ្នាំជាមធ្យមរង្វង់៦% នៅចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ កំណើននេះត្រូវបានមើលឃើញថា នឹងបង្កើតឱកាសការងារជាច្រើននៅក្នុងវិស័យចម្បងរបស់កម្ពុជា ដូចជាវិស័យសេវាកម្ម និងឧស្សាហកម្ម ខណៈចំនួនការងារក្នុងវិស័យកសិកម្មនៅរក្សានិន្នាការថយចុះ។ ក្នុងនោះចំនួនការងារត្រូវបានព្យាករថាកើនពី៩,៨លានាក់ នៅក្នុងឆ្នាំ២០២៣ ដល់១០,១លាននាក់ នៅក្នុងឆ្នាំ២០២៥ ជាពិសេស វិស័យសេវាកម្ម និងឧស្សាហកម្ម៕