មកស្គាល់ទំនិញជាឆ្នាំងបាយធំៗទាំង៥ ដែលកម្ពុជានាំចេញច្រើនជាងគេ

សង្គម​ និង​សេដ្ឋកិច្ច

ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទំហំពាណិជ្ជកម្មរបស់កម្ពុជា នាឆ្នាំ២០២៤សម្រេចបានទឹកប្រាក់ចំនួន ៥០,៤៥ពាន់លានដុល្លារ កើនឡើង១៥,៩៥% ឯណោះបើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះការនាំចេញសម្រេចបានទឹកចំនួន ២៦,១០ពាន់លានដុល្លារ កើនឡើង១៧,៤៨% ផងដែរ។ នេះបើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការនាំចេញទាំងនោះ កម្ពុជាបាននាំចេញមុខទំនិញសំខាន់ៗជាច្រើន ក៏ប៉ុន្តែមានមុខទំនិញធំៗចំនួន៥ ដែលកម្ពុជានាំចេញបានក្នុងទំហំច្រើនជាងបណ្តាទំនិញផ្សេងៗទៀតទៅក្រៅប្រទេស អំឡុងរយៈ១១ខែឆ្នាំ២០២៤ រួមមានសម្លៀកបំពាក់ ៨,៩៤ពាន់លានដុល្លារ កើនឡើង២៥,៨៤% សម្ភារធ្វើដំណើរ ១,៧៨ពាន់លានដុល្លារ កើនឡើង២១,៥០% ស្បែកជើង ១,៥០ពាន់លានដុល្លារ កើនឡើង២៤,៣០% ស្រូវ ១,២៧ពាន់លានដុល្លារ កើនឡើង១៦,៤២% និងគ្រឿងអេឡិចត្រូនិច ៩៣៨លានដុល្លារ ថយចុះ៣,៧៨% ។

ដោយឡែកសូមបន្ថែមថា ទំនិញសំខាន់ៗទាំង៥ ដែលកម្ពុជាមានតម្រូវការខ្ពស់ ហើយនាំចូលពីបរទេសច្រើនជាងគេរួមមាន វាយនភ័ណ្ឌ ៥,៧០ពាន់លានដុល្លារ កើនឡើង២៣,៥២% គ្រឿងអេឡិចត្រូនិក ៣,៣២ពាន់លានដុល្លារ កើនឡើង២៩,១៤% សម្ភារសំណង់ ១,៤៧ពាន់លានដុល្លារ កើនឡើង២២,៣៥% ប្រេងម៉ាស៊ូត ១,៣០ពាន់លានដុល្លារ កើនឡើង១០,១៦% និងរថយន្ត ៩០៧,៧៩លានដុល្លារ កើនឡើង៧,២១% ៕