លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរបញ្ជាក់នៅលើហ្វេសប៊ុកនាថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៥ ថា ពេលវេលានេះមិនមែនជាពេលកេងចំណេញនយោបាយនោះទេ តែជាពេលមូរដៃអាវធ្វើការរួមគ្នាជំរុញឱ្យកសិករងាកមកចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាជំនួសពូជស្រូវវៀតណាមវិញ ដើម្បីបញ្ចៀសហានិភ័យទីផ្សារនៅរដូវក្រោយទៀត។
លោកលើកឡើងបែបនេះ គឺឆ្លើយតបទៅនឹងការផផ្សាយរបស់វិទ្យុអាសុីសេរីដែលបានកាត់យកពាក្យសំដីតបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ពាក់ព័ន្ធអំពីបញ្ហាស្រូវធ្លាក់ថ្លៃ ត្រឹមតែជាង១នាទីនៃបទសម្ភាសជិត២០នាទី ហើយដាក់ចំណងជើងថា«រដ្ឋមន្ត្រីក្រសួងកសិកម្មស្តីបន្ទោសកសិករ» ក្នុងចេតនាព្យាយាមធ្វើឱ្យមានការយល់ច្រលំពីអត្ថន័យដើម និងបន្ទុចបង្អាក់ដល់ការបញ្ចូនសារដ៏មានសារៈសំខាន់របស់លោករដ្ឋមន្ត្រីជូនដល់បងប្អូនកសិករយើងក្នុងកាលៈទេសៈដ៏ចាំបាច់មួយនេះ។
អ្នកនាំពាក្យរូបនេះ បានបន្តថា ការបកស្រាយពន្យល់ពីស្ថានភាពថ្លៃស្រូវអូអឹមមិនមែនជាការដោះសារឬការស្តីបន្ទោសដល់កសិករនោះទេ តែជាការវាយតម្លៃសភាពការណ៍យ៉ាងជាក់លាក់នៃទីផ្សារអង្ករលើសកលលោកពីសំណាក់អ្នកជំនាញ និងទទួលស្គាល់បញ្ហាដែលយើងកំពុងមាន ដើម្បីផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវដល់បងប្អូនកសិករយើង រួមគ្នាដោះស្រាយបញ្ហាភ្លាមៗ និងត្រៀមរៀបចំដំណោះស្រាយនាពេលអនាគត ជៀសវាងការខាតបង់ពីហានិភ័យទីផ្សារនៅរដូវក្រោយៗទៀត។
ហេតុនេះ លោក ក៏សូមឱ្យសាធារណៈជន ជាពិសេសពុកម៉ែបងប្អូនកសិករដែលកំពុងដាំស្រូវអូអឹមទាំងអស់ អាចបើកចំហបេះដូង ហើយស្តាប់បទសម្ភាសទាំងមូលពីប្រភពផ្ទាល់ឱ្យបានដល់ចប់ ដើម្បីទទួលបានខ្លឹមសារពិតប្រាកដរបស់លោករដ្ឋមន្ត្រី។ ជាថ្មីម្តងទៀត លោកថា បើមិនបានជួយអ្វីដោយផ្ទាល់ដល់កសិករយើងទេ យ៉ាងហោចណាស់ សូមធ្វើចំណែកមួយនៃដំណោះស្រាយ ប្រសើរជាងទៅខំប្រឹងបង្កើតបញ្ហាបន្ថែម។
សូមបញ្ជាក់ដែរថា ក្រសួងកសិកម្ម បានពន្យល់បន្ថែមថា ការប្រែប្រួលថ្លៃស្រូវនៅកម្ពុជាអាចមានពាក់ព័ន្ធនឹងកត្តាមួយចំនួនទៀតដូចជា កត្តាពូជស្រូវ គុណភាពស្រូវ តុល្យភាពផ្គត់ផ្គង់ និងតម្រូវការទីផ្សារ រួមទាំងកត្តាដឹកជញ្ជូនផងដែរ។ ដោយឡែក មូលហេតុនៃការធ្លាក់ចុះថ្លៃអង្ករលើទីផ្សារអន្តរជាតិវិញ គឺដោយសារការកាត់បន្ថយការនាំចូល គឺប្រទេសធំៗដែលធ្លាប់នាំចូលអង្ករដូចជា ហ្វីលីពីន និងឥណ្ឌូណេស៊ី បានកាត់បន្ថយការទិញអង្ករសម្រាប់ស្តុកទុកយ៉ាងគំហុក។
យ៉ាងណាមិញ ក្រសួងកសិកម្មក៏បានប្តេជ្ញានឹងជួយជំរុញឱ្យមានការសហការសម្របសម្រួលជាមួយអាជ្ញាធរ និងរោងម៉ាស៊ីនកិនស្រូវអំពីទីផ្សារ និងតម្លៃ ដើម្បីធានានិរន្តរភាពវិស័យស្រូវអង្ករនៅកម្ពុជា៕អត្ថបទ ៖ ហ្សាលីន