លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរបញ្ជាក់នៅលើហ្វេសប៊ុកនាថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៥ ថាក្រសួងកសិកម្មនឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដែលនេះគឺជាដំណោះស្រាយបន្ទាន់។

លោកបន្តថា ស្របពេលស្រូវអូអឹមរបស់វៀតណាមកំពុងធ្លាក់ថ្លៃ បងប្អូនកសិករមកពីឃុំអូរកន្ទរ និងឃុំស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី៥០០០ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី១៣០០៛/គីឡូក្រាមឡើងទៅ។
លោកបន្តថា ក្រសួងកសិកម្ម នឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ឱ្យកសិករសមាជិកពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ។លោកបញ្ជាក់ថា នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្មព្យាយាមផ្តល់ជូនពុកម៉ែបងប្អូនកសិករយើង ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារនិងមិនទទួលបានតម្លៃល្អ។
បើអាណិតកសិករយើង ហើយពិតជាចង់ជួយដោះស្រាយបញ្ហាជូនពួកគាត់មែន លោកក៏សូមជួយផ្សព្វផ្សាយឱ្យកសិករយើងងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហា។
ជាថ្មីម្តងទៀត លោកថា ល្មមដល់ពេលដែលខ្មែរយើងត្រូវចេះរួមគ្នា ទទួលស្គាល់ឫសគល់នៃបញ្ហា ចាប់យកទីផ្សារមកទុកក្នុងកណ្តាប់ដៃរបស់យើង ហើយរៀនម្ចាស់ការលើជោគវាសនារបស់ខ្លួនដោយខ្លួនឯងហើយ៕ អត្ថបទ៖ ហ្សាលីន


