ក្រុមហ៊ុនចិនមួយ ចង់វិនិយោគលើកសិផលខ្មែរ ដូចជា ទុរេន ដូងស្រស់ និងស្វាយចន្ទី ជាដើមដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារបរទេស។
នេះជាការលើកឡើងរបស់តំណាងក្រុមហ៊ុន Zhengzhou Chen’s Sun Fruits and Vegetables International Trade Co.,Ltd ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោករដ្ឋមន្ត្រី បានស្វាគមចំពោះក្រុមហ៊ុនដែលមានគោលបំណងចង់វិនិយោគនូវកសិផលកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារប្រទេសផ្សេងៗ។
លោកបានជម្រាបក្រុមហ៊ុនចិនថា៖ផលិតផលកម្ពុជាមានសក្តានុពលជាច្រើនរួមមានទុរេន ដូងស្រស់ ស្វាយចន្ទី ផ្លែស្វាយ ផ្លែមៀន និងចេកពងមាន់ដែលមានរសជាតិឆ្ងាញ់ និងគុណភាពល្អ ជាពិសេសកម្ពុជាមាននីតិវិធីនៃការនាំចេញច្បាស់លាស់ទៅកាន់ប្រទេសចិន ប្រការសំខាន់គឺទាមទារការវិនិយោគលើការវេចខ្ចប់ កែច្នៃ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា៖កម្ពុជាស្វាគមនូវរាល់វិនិយោគិនដែលមានបំណងចង់វិនិយោគលើការកែច្នៃនិងធ្វើពាណិជ្ជកម្មនាំចេញ ដោយអាចសហការធ្វើការដាំដុះជាមួយប្រជាកសិករ កំណត់ស្តង់ដាបច្ចេកទេសច្បាស់លាស់ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ និងអាចទទួលទិញត្រលប់ក្នុងតម្លៃចរចា ដោយមិនប្រកួតប្រជែងលើការដាំដុះជាមួយប្រជាកសិករឡើយ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានផ្តល់ការណែនាំដល់ភាគីក្រុមហ៊ុនត្រូវធ្វើការកំណត់ស្តង់ដានៃកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងការធ្វើទីផ្សារផលិតផលដើម្បីឱ្យអ្នកប្រើប្រាស់មានការទទួលស្គាល់ ដែលជាកត្តាចាំបាច់ ជំរុញឱ្យផលិតផលលក់បានក្នុងតម្លៃថ្លៃ និងមានតម្លៃបន្ថែមខ្ពស់ ហើយកម្ពុជាមានគោលបំណងប្រកួតប្រជែងលើផលិតផលដែលមានគុណភាពល្អប្រណិត និងមានរសជាតិឆ្ងាញ់ ដោយមិនប្រកួតប្រជែងបរិមាណ។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ភាគីក្រុមហ៊ុនសហការជាមួយក្រសួងកសិកម្ម ក្នុងការចុះពិនិត្យទីតាំង និងគុណភាពកសិផលកម្ពុជាដូចបានរៀបរាប់ខាងលើដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពេញលេញនិងមានភាពច្បាស់លាស់ក្នុងការវិនិយោគនិងជូនពរដល់ក្រុមហ៊ុនទទួលបានលទ្ធផលជោគជ័យ ព្រមទាំងអាចនាំចេញនូវកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានពិតប្រាកដ៕
