លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងថា៖ ទាក់ទងនឹងការចុះបញ្ជីដីបង្ហើយ គិតត្រឹមខែមករា ឆ្នាំ២០២៥ បណ្ណសរុបទូទាំងប្រទេស ចាប់ពីដំណើរការវាស់វែងបាន១២,២១១, ២៥៩ ក្បាលដី ចេញបណ្ណបាន ៨,០៣១, ២១៧ បណ្ណ ។
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងបែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី“វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ” ដែលរៀបចំឡើងដោយ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជាប្រយោជន៍និងជាជំនួយស្មារតី ចំពោះសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្នុងពេលចុះបេសកកម្មនិងជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។
នាឱកាសនោះ លោក សាយ សំអាល់ បានលើកឡើងពីវឌ្ឍនភាពនៃការចុះបញ្ជីបង្ហើយ ការបញ្ចប់វិវាទដីធ្លី ការផ្តល់សេវាគាប់ចិត្ត ការកំណត់និងគ្រប់គ្រងតំបន់បឹងទន្លេសាប ការរៀបចំនិងលក្ខខណ្ឌប្រើប្រាស់ដីក្នុងតំបន់រមណីយដ្ឋានអង្គរ និងការដោះស្រាយវិវាទបុរី។
ទាក់ទងនឹងការចុះបញ្ជីដីបង្ហើយ លោកបានថ្លែងថា៖ គិតត្រឹមខែមករាឆ្នាំ២០២៥ បណ្ណសរុបទូទាំងប្រទេស ចាប់ពីដំណើរការ វាស់វែងបាន១២,២១១, ២៥៩ ក្បាលដី ចេញបណ្ណបាន ៨,០៣១, ២១៧ បណ្ណ ។ លោកបន្តថា ក្នុងអាណត្តិទី៧នេះ វាស់វែងបាន ៣,៦៧៥,៦៥៦ ក្បាលដី ចេញបណ្ណបាន១,១២៩, ២៨៤ បណ្ណ ចែកបណ្ណបាន ៨៤០,៨៣៣ បណ្ណ ។ គម្រោងនឹងបញ្ចប់ក្នុងអាណត្តិទី៧ វាស់វែងនិងចេញបណ្ណ ៤,៧៥០, ៣៦៧ ក្បាលដី។
សូមជម្រាបជូនថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម បានដាក់ចេញនូវការងារអាទិភាពចំនួនបីគឺ «ការចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ» ដើម្បីកាត់បន្ថយវិវាទ ផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ និងកសាងសង្គមសុខដុមនីយកម្មនៅកម្ពុជា៕