សំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះបានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវថ្នល់ ៤ ខ្សែបានកែប្រែមុខមាត់ខេត្តក្រចេះ និងធ្វើឱ្យជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។ មានផ្លូវ មានស្ពាន មានសង្ឃឹម និងពោរពេញដោយការអភិវឌ្ឍ!

លោក នេត្រ ភត្រា បានបន្តថា ត្រឹមខែមករា ឆ្នាំ២០២៥នេះ, ស្ពានឆ្លងកាត់ទន្លេមេគង្គដែលមានប្រវែង ១៧៦១ ម៉ែត្រត្រូវបានកសាងសម្រេចបាន ៧៩,២២% ហើយគ្រោងនឹងដាក់ឱ្យឆ្លងបណ្តោះអាសន្ននាចុងឆ្នាំ២០២៥ នេះ។ ជាមួយគ្នានេះ ការដ្ឋានសាងសង់ផ្លូវ ៤ កន្លែងទៀតក្នុងក្រុងក្រចេះ និងផ្លូវទៅស្រុកសំបូរ ខេត្តក្រចេះ ក៏នឹងឈានទៅបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះដែរ។
នាឱកាសនោះ លោកក៏សូមអរគុណសន្តិភាព, សូមគោរពអរគុណសម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពនៅកម្ពុជា, សូមគោរពអរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា!

សូមជម្រាបជូនថា គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៩,២២% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១.៧៦១ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប ១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេចលទ្ធផល ៥៥,២៧%។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ៕


រូបភាព៖ មន្ទីរព័ត៌មានខេត្តក្រចេះ