ដើម្បីជំរុញលំហូរទេសចរ និងអ្នកវិនិយោគមករវាងកម្ពុជា-ជប៉ុន ក្រសួងទេសចរណ៍ និងស្ដានទូតជប៉ុន បានប្តេជ្ញាថា នឹងខិតជំរុញសក្តានុពលវិស័យទេសចរណ៍ឱ្យកាន់តែច្រើនបន្ថែមទៀត។ ការប្តេជ្ញានេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោករដ្ឋមន្ត្រី ហួត ហាក់ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា កាលរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។

នាឱកាសនោះ លោក ហួត ហាក់ និង លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា កិច្ចពិភាក្សាការងារនេះ គឺដើម្បីជួយបង្កើនការផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យទេសចរណ៍នៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ព្រមទាំងជួយផ្សព្វផ្សាយអំពីសភាពការណ៍ពិតនៅកម្ពុជាទៅកាន់ប្រជាជននិងភ្ញៀវទេសចរជប៉ុនឱ្យបានកាន់តែទូលំទូលាយថែមទៀត។
ទន្ទឹមគ្នានេះ កិច្ចពិភាក្សានេះ ភាគីទាំងពីរ ក៏បានផ្តោតសំខាន់ក្នុងការទាក់ទាញទេសចរជប៉ុនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសការជំរុញឱ្យមានទស្សនកិច្ចសិក្សា (FAM Trip) នៃជំនួបផ្លាស់ប្ដូរធុរកិច្ចរវាងវិស័យឯកជនក្នុងវិស័យទេសចរណ៍ ក៏ដូចជាសមាគមទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយ និងការទិញលក់កញ្ចប់ទស្សនកិច្ចឱ្យបានកាន់តែច្រើនឡើងផងដែរ។

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ ២០២៤ កន្លងទៅនេះ កម្ពុជា ទទួលបានគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង។ក្នុងឆ្នាំ២០២៤ នេះដែរ ការវិនិយោគមកពីប្រទេសជប៉ុន ស្ថិតនៅលំដាប់លេខរៀងទី៧ ដោយបានរួមចំណែកប្រមាណ 0.៥៨% នៃទុនវិនិយោគសរុបនៅកម្ពុជា៕ អត្ថបទ៖ ហ្សាលីន

