តើស្រូវសែនក្រអូបខ្មែរមានចំណុចពិសេសអ្វីខ្លះ បើធៀបនឹងស្រូវ OM របស់វៀតណាម?

សង្គម​ និង​សេដ្ឋកិច្ច

ពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជានៅតែបង្ហាញភាពស៊ាំទៅនឹងហានិភ័យទីផ្សារ ជាងពូជស្រូវមកពីប្រទេសដទៃ ទោះបីជាទីផ្សារអង្ករនៅលើទីផ្សារអន្តរជាតិកំពុងមានភាពមិនច្បាស់លាស់ក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីសប្តាហ៍កន្លងទៅថា ចំណុចពិសេសនៃអង្ករក្រអូបខ្មែររួមមាន
អង្ករក្រអូបខ្មែរ មានស្ថេរភាពថ្លៃ, មានការធានាទិញពីទីផ្សារក្នុង, មានបណ្តាញពូជសុទ្ធ, ជាមោទនភាពជាតិ, បង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ, ជួយធានាសន្តិសុខស្បៀង និងមានគោលនយោបាយគាំទ្រ រដ្ឋអាចជួយអន្តរាគមន៍បានក្នុងករណីចាំបាច់។

ជាមួយគ្នានោះ លោកក៏បានប្រៀបធៀបស្រូវសែនក្រអូប ជាមួយស្រូវ OM5451ផងដែរ ដែលបានបង្ហាញដូចខាងក្រោម៖
១, ស្រូវសែនក្រអូបអត្តសញ្ញាណអង្ករក្រអូបខ្មែរ ឈ្នះពានរង្វាន់មាសអន្តរជាតិ
២, បច្ចេកទេស អាយុកាល១១០ ទៅ១១៥ថ្ងៃ, ទិន្នផល ៤ទៅ៥តោន ក្នុងមួយហិកតា, ប្រភេទស្រូវស្រាលមិនប្រកាន់រដូវ, គ្រាប់ពូជគ្រឹះសុទ្ធ, ថ្លៃដើមថែទាំប្រហាក់ប្រហែលគ្នា
៣, តម្លៃស្រូវសើម ១២៥០រៀល ទៅ១៣៥០រៀល ក្នុងមួយគីឡូក្រាម, និងមានស្ថេរភាព
៤, ទីផ្សារ ផលិតកម្មតាមកិច្ចសន្យា រោងម៉ាស៊ីនក្នុងស្រុក និងតម្រូវការខ្ពស់សម្រាប់ការនាំចេញជាអង្ករ
៥, តម្លៃបន្ថែម មានអង្កាម កន្ទក់ ចុងអង្ករ ផ្តល់ការងារបន្ថែមពីការកែច្នៃ ដឹកជញ្ជូន នាំចេញ និងចំណូលពន្ធ
៦, គោលនយោបាយគាំទ្រ សហគមន៍កសិកម្មទំនើប បណ្តាញពូជសុទ្ធ កម្មវិធីហិរញ្ញប្បទានស្ថេរភាពថ្លៃ មន្រ្តីកសិកម្មឃុំ។

ដោយឡែកចំពោះស្រូវ OM5451វិញ អត្តសញ្ញាណអង្ករសរបស់ប្រទេសដទៃ, អាយុកាល៩០ថ្ងៃ ទិន្នផល ៥ទៅ៦តោន ក្នុងមួយហិកតា ប្រភេទស្រូវមិនប្រកាន់រដូវ គ្រាប់ពូជគ្រឹះសុទ្ធមិនច្បាស់លាស់ ថ្លៃដើមនិងការថែទាំប្រហាក់ប្រហែលគ្នា, ចំណែកតម្លៃស្រូវសើមចន្លោះពី៨០០រៀល ទៅ១១០០រៀល ក្នុងមួយគីឡូក្រាម មានការប្រែប្រួលខ្លាំង, ចំពោះទីផ្សារពឹងផ្អែកឈ្មួញកណ្តាល សម្រាប់នាំចេញជាស្រូវទៅទីផ្សារវៀតណាម, គ្មានតម្លៃបន្ថែម និងគ្មានគោលនយោបាយគាំទ្រ។

សូមជម្រាបជូនថា ថ្មីៗនេះក្រសួងកសិកម្មក៏បានស្នើឱ្យរួមគ្នាជំរុញឱ្យកសិករងាកមកចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាជំនួសពូជស្រូវវៀតណាមវិញផងដែរ ដើម្បីបញ្ចៀសហានិភ័យទីផ្សារនៅរដូវក្រោយៗទៀត ខណៈក្រសួងកសិកម្មក៏បានប្តេជ្ញានឹងជួយជំរុញឱ្យមានការសហការសម្របសម្រួលជាមួយអាជ្ញាធរ និងរោងម៉ាស៊ីនកិនស្រូវអំពីទីផ្សារ និងតម្លៃ ដើម្បីធានានិរន្តរភាពវិស័យស្រូវអង្ករនៅកម្ពុជាផងដែរ៕