ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យរួមគ្នាកសាងសហគមន៍កសិកម្មទំនើប ដើម្បីមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងធានាទីផ្សារទុកជាមុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥ថា កសាងសហគមន៍កសិកម្មទំនើប គឺសំដៅលើការរួមគ្នាប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជា ពីលក្ខណៈគ្រួសារ ទៅជាទម្រង់សហគ្រាសសេដ្ឋកិច្ចរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងលើផ្នែកថ្លៃដើម បរិមាណ និងគុណភាព។
ជាមួយគ្នានេះ តាមរយៈកសាងសហគមន៍កសិកម្មទំនើប សម្តេចធិបតី បានសង្កត់ធ្ងន់ថា ក៏នឹងក្លាយប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ថ្លៃដើមផលិតទាប ការគាំទ្រជាប្រចាំខាងផ្នែកបច្ចេកទេស និងការធានាទីផ្សារទុកជាមុនតាមរយៈកិច្ចសន្យាកសិកម្ម ជាពិសេសការទទួលបានទុនកម្ចីការប្រាក់ទាប។
ហេតុនេះ សម្តេចអះអាងថា សហគមន៍កសិកម្មទំនើប គឺបានផ្តល់ភាពច្បាស់លាស់មួយនៅក្នុងខ្សែច្រវាក់ផលិតកម្ម ដែលនឹងចូលរួមដោយផ្ទាល់ដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។
ជុំវិញរឿងនេះដែរ ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១៥ ខែមករា នេះ បានលើកឡើងដែរថា ការធ្វើកសិកម្មនៅដាច់ដោយឡែកៗពីគ្នា តូចៗជាលក្ខណៈគ្រួសារ តែងជួបបញ្ហាប្រឈមច្រើន ជាពិសេសភាពស្រពេចស្រពិលនៃទីផ្សារ និងថ្លៃដើមខ្ពស់។
ហេតុដូច្នេះ លោកថា បានជាក្រសួងកសិកម្មលើកទឹកចិត្តឱ្យបងប្អូនកសិករយើងចងក្រងគ្នាផលិតជាសហគមន៍ ដើម្បីអាចមានលទ្ធភាពចាប់យកកិច្ចសន្យាច្បាស់លាស់មួយ «លក់មុនដាំ» ជាមួយនឹងសមត្ថភាពប្រកួតប្រជែងខ្ពស់ទាំងខាងផ្នែកតម្លៃ បរិមាណ និងគុណភាព។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើអាចរៀបចំជាសហគមន៍កសិកម្មទំនើបតែម្តង ក្រសួងនឹងសម្របសម្រួលទុនកម្ចីការប្រាក់ទាប ដោយមិនចាំបាច់ឱ្យសមាជិកជាប់បំណុលធានាគារឡើយ។
សូមរម្លឹកដែរថា ក្រសួងកសិកម្ម នឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ឱ្យកសិករសមាជិកពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ ខណៈក្រសួងថា នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្មព្យាយាមផ្តល់ជូនកសិករយើង ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារនិងមិនទទួលបានតម្លៃល្អ។ ទន្ទឹមគ្នានេះ ក្រសួងក៏បានណែនាំឱ្យកសិករងាកមករួមគ្នាជាសហគមន៍ ហើយដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហា៕ អត្ថបទ៖ហ្សាលីន