រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ការដាក់ឱ្យដំណើរការសេវាកម្មចុះបញ្ជីអនឡាញជាជំហានថ្មីមួយទៀត ក្នុងការធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិឧស្សាហកម្ម

សង្គម​ និង​សេដ្ឋកិច្ច

កម្មសិទ្ធិបញ្ញាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការបង្កើតថ្មី ការច្នៃប្រឌិត ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍឧស្សាហកម្មថ្មីៗ ដើម្បីកំណើនសេដ្ឋកិច្ចរយៈពេលវែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការជាផ្លូវការសេវាកម្មចុះបញ្ជីអនឡាញ សម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលជាវឌ្ឍនភាពដ៏សំខាន់នៃការធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា។

ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនេះធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហែម វណ្ណឌី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន អង្គការក្នុងស្រុក និងអន្តរជាតិ រួមទាំងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងអង្គភាពប្រកាសនីយបត្រតក្កកម្មប្រទេសជប៉ុន (JPO) ។

ប្រព័ន្ធថ្មីនេះសម្រួលដល់ដំណើរការចុះបញ្ជីសម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជាឱ្យស្របតាមស្តង់ដារអន្តរជាតិព្រមទាំងការពារនវានុវត្តន៍របស់កម្ពុជានិងអន្តរជាតិនៅក្នុងទីផ្សារពិភពលោក។

លោក ហែម វណ្ណឌី បានលើកឡើងថា៖ “ការដាក់ឱ្យដំណើរការសេវាកម្មចុះបញ្ជីអនឡាញនេះគឺជាជំហានថ្មីមួយទៀត ក្នុងការធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិឧស្សាហកម្ម។ ប្រព័ន្ធថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកដាក់ពាក្យ ស្នើសុំសិទ្ធិកម្មសិទ្ធិបញ្ញាតាមអនឡាញកាន់តែលឿន និងមានភាពងាយស្រួលជាងមុន មិនថាយប់ មិនថាថ្ងៃ ពេលណា ឬកន្លែងណា និងអាចបង់សេវាតាមអនឡាញបានដោយមិនចាំបាច់ជួបមនុស្ស ដែលកាត់បន្ថយពេលវេលា និងការចំណាយសម្រាប់អ្នកធ្វើអាជីវកម្ម។”

លោក ហែម វណ្ណឌី បានបន្ថែមថា៖ កម្មសិទ្ធិបញ្ញាមិនមែនគ្រាន់តែជាការការពារសិទ្ធិបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រឹះនៃប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដែលបណ្តុះ និងពូនជ្រុំឱ្យមានការច្នៃប្រឌិត ការបង្កើតនូវដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់មនុស្សជាតិ និងបង្កើតឱ្យមានកិច្ចសហការគ្នាស្វែងរកគំនិតថ្មីៗដែលអាចនាំទៅរកការច្នៃប្រឌិត និងនវានុវត្តន៍ដ៏អស្ចារ្យមួយ។

សូមជម្រាបជូនផងដែរថា កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅក្រសួងបានប្រកាសដាក់ឱ្យប្រើប្រាស់ទិន្នន័យប្រកាសនីយប័ត្រតក្កកម្ម និងគំនូរឧស្សាហកម្ម លើគេហទំព័រនាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម ដើម្បីជាប្រយោជន៍ដល់សាធារណជន និងសហគមន៍អាស៊ាន៕