រដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា លើកឡើងថា ការបង្កើតសហគមន៍កសិកម្មទំនើប តាមរយៈការដាំដុះនីពូជស្រូវរបស់ខ្មែរ គឺជាដំណោះស្រាយចម្បងមួយ ជួយធានាថ្លៃស្រូវជូនប្រជាកសិករនៅកម្ពុជា។

លោកថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កាលល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។
នាឱកាសនោះ លោក ឌិត ទីណា បានពន្យល់អំពីដំណោះស្រាយ លើការរក្សាស្ថិរភាពថ្លៃស្រូវ តាមរយៈយន្តការចូលក្នុងសហគមន៍កសិកម្មទំនើបថា គឺអាចជួយកាត់បន្ថយថ្លៃដើម គ្រប់គ្រងបរិមាណ គ្រប់គ្រងថ្លៃតាមរយៈផលិតកម្មតាមកិច្ចសន្យា ពិសេសអ្វើឱ្យទិន្នផលស្រូវមានគុណភាព ដោយសាររបៀបដាក់ជី និងថ្នាំ មានសណ្ឋានតែមួយ។
លោកបានពន្យល់បន្តថា៖« ឥឡូវនេះ នៅកម្ពុជាយើងមានសហគមន៍កសិកម្មទំនើបតិចណាស់ ព្រោះនៅពេលដែលស្រូវបានថ្លៃ ប្រជាពលរដ្ឋសប្បាយចិត្ត និងធ្វើតាមទម្លាប់ ហើយពេលយើងហៅគាត់ទៅចូលរួម ជាមួយសហគមន៍ទំនើបគាត់បដិសេធ»។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ទៀតថា សហគមន៍កសិកម្មទំនើប គឺប្រៀបដូចជាការរួមគ្នាប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជា ពីលក្ខណៈគ្រួសារ ទៅជាទម្រង់សហគ្រាសសេដ្ឋកិច្ចរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងលើផ្នែកថ្លៃដើម បរិមាណ និងគុណភាព។
លោកបន្ថែមថា ជាមួយនឹងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ថ្លៃដើមផលិតទាប ការគាំទ្រជាប្រចាំខាងផ្នែកបច្ចេកទេស និងការធានាទីផ្សារទុកជាមុនតាមរយៈកិច្ចសន្យាកសិកម្ម ជាពិសេសការទទួលបានទុនកម្ចីការប្រាក់ទាប សហគមន៍កសិកម្មទំនើបផ្តល់ភាពច្បាស់លាស់មួយ នៅក្នុងខ្សែច្រវាក់ផលិតកម្ម ដែលនឹងចូលរួមដោយផ្ទាល់ដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា នាពេលអនាគត។
សូមបញ្ជាក់ដែរថា សម្រាប់ដំណោះស្រាយដែលរដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា ជាដំណោះស្រាយល្អក្នុងការស្ដារតម្លៃស្រូវដែលធ្លាក់ថ្លៃ រួមមានជាដំណោះស្រាយរយៈពេលខ្លី មធ្យម និងរយៈពេលវែង។ ដំណោះស្រាយរយៈពេលខ្លីគឺ ក្រសួងកសិកម្ម នឹងចេញបញ្ចេញថវិកាដែលរដ្ឋាភិបាលទម្លាក់ជូន អន្តរាគមន៍ទិញស្រូវពីពលរដ្ឋ និងសហការជាមួយតាមបណ្ដារោងម៉ាស៊ីនកិនស្រូវនានាឱ្យទិញស្រូវរបស់ពលរដ្ឋក្នុងរដូវពិធីបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខនេះ ឬស្រូវអូអិមគ្មានទីផ្សារសោះ។ សម្រាប់ដំណោះស្រាយរយៈពេលធម្យម គឺក្រសួងបន្តកៀគរឱ្យកសិករបន្តចងក្រងជាសហគមន៍ទំនើបដែលមានច្រើនរាប់រយ ពាន់គ្រួសារ នោះក្រសួងនឹងផ្ដល់កម្ចីឱ្យកសិករសម្រាប់បង្កបង្កើនផល។ ចំណែករយៈពេលវែង គឺការបាត់បន្ថយថ្លៃដើមរបស់ពលរដ្ឋ តាមរយៈការណែនាំឱ្យពលរដ្ឋប្រើប្រាស់ជីកសិកម្មដែលធ្វើដោយពលរដ្ឋផ្ទាល់។ល់៕ អត្ថបទ៖ ហ្សាលីន