ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)បានទាំងស្រុង

សង្គម​ និង​សេដ្ឋកិច្ច

ខេត្តកំពង់ធំ ត្រូវបានប្រកាសជាខេត្តជាប់ជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)បានទាំងស្រុងជាផ្លូវការ កាលព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងភាគីពាក់ព័ន្ធចូលរួមប្រមាណ ១ ៦៦៧នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ខេត្តកំពង់ធំ មានចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់សរុប ១៧៤ ៧៦០ខ្នងផ្ទះ ស្មើនឹង ១០០% ក្នុងនោះមានខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួន ចំនួន ១៦២ ៨៧២ខ្នងផ្ទះ ស្មើនឹង ៩៣,២០% និងខ្នងផ្ទះប្រើបង្គន់រួម ចំនូន ១១ ៨៨៨ខ្នងផ្ទះ ស្មើនឹង៦,៨០%។ ក្នុងខេត្តកំពង់ធំ មានក្រុង ស្រុក សរុប ទាំង ៩ ទទួលបាន ODF ១០០%, ឃុំ-សង្កាត់ចំនួន ៨១ មាន ៧៥ ឃុំ-សង្កាត់ ទទួលបាន ODF និង មាន ឃុំ-សង្កាត់ ចំនួន៦ ទទួលបាន ODF Plus និងភូមិសរុបទាំងអស់ ៧៨៣ភូមិ មាន៥៤៧ភូមិ ជាភូមិ ODF និង ២៣៦ភូមិ ជាភូមិ ODF Plus ។

ឆ្លៀតឱកាសនោះ លោកអភិបាលខេត្ត ក៏បានថ្លែងអរគុណដល់អង្គការទស្សនៈពិភពលោក ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីគាំទ្រខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនាថ្ងៃនេះ។

ជុំវិញរឿងនេះ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តកំពង់ធំសម្រេចបាន ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត នាពេលនេះ។ទន្ទឹមគ្នានេះ លោក ក៏បានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តការចូលរួមលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plusជាបន្តទៀត។

សូមរំលឹកផងដែរថា គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ មានរាជធានី ខេត្តចំនួន ១៥ហើយ ដែលសម្រេចបានជារាជធានី ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF) រួមមាន៖ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ តាកែវ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ ដែលជាខេត្តទី១៥៕ អត្ថបទ៖ ហ្សាលីន