ក្រុមហ៊ុន POSCO International ដែលជាក្រុមហ៊ុនឈានមុខគេរបស់ប្រទេសកូរ៉េ មានឯកទេសខាងផ្នែកពាណិជ្ជកម្មអន្តរជាតិ ថាមពល ដែកថែប ខ្សែច្រវាក់តម្លៃកសិផលនិងទំនិញ បានសំឡឹងឃើញអំពីឱកាសបង្កើតធុរកិច្ចថ្មីៗនៅក្នុងប្រទេសកម្ពុជា។
នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជាមួយលោក Geesan Suh អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្មថ្មី និងសហការីរបស់ក្រុមហ៊ុន POSCO International កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
នៅក្នុងជំនួបខាងលើ ក្រៅពិភាក្សាអំពីឱកាសបង្កើតធុរកិច្ចថ្មីៗនៅក្នុងប្រទេសកម្ពុជាហើយនោះ ក្រុមហ៊ុន ក្រុមហ៊ុន POSCO International ក៏បានសិក្សាស្វែងយល់អំពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងវិស័យកសិកម្ម ដូចជា៖ អង្ករ ស្វាយចន្ទី ម្រេច ពីប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន POSCO International គឺជាក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំបំផុតរបស់កូរ៉េខាងត្បូងនិងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ POSCO។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ ដែលដំណើរការអាជីវកម្មរបស់ខ្លួនក្នុងពាណិជ្ជកម្ម និងសំណង់។ក្រុមហ៊ុននេះក៏នាំចេញ និងនាំចូលដែកថែប ស៊ីម៉ងត៍ ប្រេងឆៅ គ្រឿងចក្រធុនធ្ងន់ គ្រឿងបន្លាស់រថយន្ត និងវាយនភណ្ឌ។ លើសពីនេះ Posco International ក៏ផលិតក្រណាត់សំយោគសម្រាប់ស្បែកជើង សម្លៀកបំពាក់ និងកៅអីរថយន្តផងដែរ៕