ធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសិលាមួយស្តីពី “របាយការណ៍ត្រួតពិនិត្យទម្រង់ថ្មី” សម្រាប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសធនាគារ(IBS) រាជធានីភ្នំពេញ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីទម្រង់របាយការណ៍ត្រួតពិនិត្យថ្មីចំនួន ៣១ ត្រូវបានដាក់អនុវត្តជាផ្លូវការចំពោះគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ចាប់ពីរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៣។
លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យនៃធនាគារជាតិ បានមានប្រសាសន៍ថា៖សិក្ខាសាលានេះ មានគោលបំណងផ្តល់ជាវេទិកាសម្រាប់ឆ្លុះបញ្ចាំងអំពីការអនុវត្តនិងកិច្ចពិភាក្សាអំពីបញ្ហាប្រឈមដែលគ្រឹះស្ថានបានជួបប្រទះក្នុងអំឡុងពេលនៃការរាយការណ៍ ក៏ដូចជាចែករំលែកដល់គ្រឹះស្ថានអំពីកំហុសឆ្គងកើតមានឡើងជាញឹកញាប់ ក្នុងការរៀបចំរបាយការណ៍ទាំងនេះ ដែលក្រុមការងារធនាគារជាតិនៃកម្ពុជាបានពិនិត្យរកឃើញនាពេលកន្លងមក។
សូមជម្រាបជូនថា សិក្ខាសិលានេះប្រព្រឹត្តិទៅរយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី១៥ ទី១៧ និងទី២២ ខែមករា ឆ្នាំ២០២៥ និងមានការចូលរួមដោយផ្ទាល់ពីមន្ត្រីទទួលបន្ទុកផ្នែករបាយការណ៍ពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ សរុបប្រមាណ ៣០០ រូប៕


