លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះថា នៅឆ្នាំ២០២៤ មានរថយន្តអគ្គិសនី(EV)ចុះបញ្ជីសរុប ២.២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០%(ឆ្នាំ២០២៣ ចំនួន ៣១៣គ្រឿង) ខណៈដែលត្រីចក្រយាន និងទោចក្រយាន ក៏មានការកើនឡើងផងដែរ។
លោកបន្តថា ប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ទនៈចំហេះក្នុងដែលជានិន្នាការចាស់។
បើតាមលោក ផន រឹម ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច ,ផាសុភាព, កម្រិតបំពុលក្នុងបរិយាកាលទៀបបំផុត។ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិត នៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។
ទន្ទឹមនឹងនិន្នាការកើនឡើង រាជរដ្ឋាភិបាលនតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរផងដែរ។
សូមជម្រាបផងដែរថា ស្របតាមការកំណត់ទិសដៅជាក់លាក់ ដែលមានចែងនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពនៃការរួមចំណែករបស់ជាតិ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹត្យកាបូននៅកម្ពុជាឆ្នាំ២០៥០ និងនិន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនី របស់ពិភពលោក និងក្នុងតំបន់ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និងវិធានការចាំបាច់នានា ដើម្បីឈានទៅសម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា ៤០% និងទោចក្រយានយន្ត (ម៉ូតូ) អគ្គិសនីក្នុងអត្រា ៧០% នៅឆ្នាំ២០៥០ផងដែរ។
គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ដែលជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិសនិងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា៕