ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលដោយមិនទាន់ធ្វើសវនកម្ម បានចំនួនសរុប ៤១ ៥៨៨ ១៧២ ដុល្លារអាម៉េរិក កើនជាង២០% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៣៤ ៥៥៨ ៥១១ ដុល្លារ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។
ចំណូលពីប្រតិបត្តិការផែ(Port Operation) មានចំនួន៣៤ ៥៦៣ ៧៥៦ ដុល្លារ កើនជាង២១ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលមាន២៨ ៥៦៩ ៩២១ ដុល្លារ។ ចំណែកចំណូលពីអាជ្ញាធរផែ មានចំនួន ៥ ៨៣៤ ៤៨១ ដុល្លារ កើនជាង២១ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលមាន៤ ៨២២ ៩៤៦ ដុល្លារ រីឯចំណូលពីសេវាកម្មផ្សេងៗមាន១ ១៨៩ ៩៣៥ដុល្លារ កើន២% ធៀបនឹងឆ្នាំ២០២៣ ដែលមាន១ ១៦៥ ៦៤៤ ដុល្លារ។
របាយការណ៍របស់កំពង់ផែផែស្វយ័តភ្នំពេញ បានឱ្យដឹងផងដែរថា៖ ការប្រមូលចំណូលសម្រាប់ខែធ្នូ ឆ្នាំ ២០២៤ ដោយមិនទាន់ធ្វើសវនកម្ម មានចំនួនជាង៤លានដុល្លារ កើន៤០ភាគរយ ធៀបនឹងខែធ្នូឆ្នាំ២០២៣ ដែលមានជាង២លាន៩សែនដុល្លារ។
សម្រាប់ខែធ្នូ ចំណូលពីប្រតិបត្តិការផែ មានចំនួន ៣ ៤១១ ៩៣១ដុល្លារ កើន៤២ភាគរយ ធៀបនឹងខែធ្នូឆ្នាំ២០២៣ ដែលមាន ២ ៤១០ ០៣៦ដុល្លារ , ចំណូលពីអាជ្ញាធរផែ មានចំនួន ៦០២ ៦៧២ ដុល្លារ កើនឡើង២៩% ធៀបនឹងឆ្នាំ២០២៣ ដែលមាន ៤៦៧ ៩៧៦ដុល្លារ ហើយចំណូលពីសេវាកម្មផ្សេងៗមានចំនួន ៩៤៣៤១ដុល្លារ កើន៤៩ភាគរយ ខណៈខែធ្នូឆ្នាំ២០២៣មានចំនួន៦៣២៦៥៕