ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា លោក តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានសន្យាថា នឹងខិតខំទាក់ទាញអ្នកទេសចរ អ្នកវិនិយោគប្រទេសខ្លួនមកម្ពុជាបន្ថែមទៀត ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជាកាន់តែប្រសើរជាងមុន។
លោកថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាជាមួយ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលរសៀលថ្ងៃទី១៦ ខែមករាឆ្នាំ២០២៥នេះ ដើម្បីពិភាក្សារួមគ្នា សំដៅពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការស្ថាប័នសភា ប្រទេសទំាងពីរឱ្យរឹងមាំនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
នាឱកាសនោះ លោកស្រី ឃួន សុដារី បានថ្លែងអរគុណប្រទេសម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់គំាពារពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅម៉ាឡេស៊ី ខណៈលោកស្រី ក៏បានស្នើប្រធានរដ្ឋសភាម៉ាឡេស៊ីជួយទាក់ទាញអ្នកទេសចរ អ្នកវិនិយោគម៉ាឡេស៊ី មកបណ្តាក់ទុននិងទស្សនាកម្ពុជាបន្ថែមទៀត ព្រមទាំងជួយផ្តល់បន្ថែមអាហារូបករណ៍ដល់សិស្សនិស្សិតនិងមន្រ្តីរាជការកម្ពុជាបានទៅសិក្សានៅម៉ាឡេស៊ី ឱ្យបានកាន់តែច្រើន ដើម្បីក្លាយជាធនធាននៅក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
ជាការឆ្លើយតប លោកប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានលើកឡើងថា អ្នកវិនិយោគម៉ាឡេស៊ីដែលកំពុងបណ្តាន់ទុននៅកម្ពុជា បានបង្ហាញក្តីសប្បាយរីករាយនិងកក់ក្តៅដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាកម្ពុជានាពេលកន្លងមក ខណៈលោកក៏បានសន្យាថា នឹងខិតខំទាក់ទាញអ្នកទេសចរ អ្នកវិនិយោគម៉ាឡេស៊ី បន្ថែមទៀត មកកាន់កម្ពុជា។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទំាងពីរ ក៏បានគូសបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរ និងបានប្តេជ្ញាថា នឹងខំជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន