ក្រោយពិធីបើកការដ្ឋានស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០រួចមក ការអនុវត្តគម្រោងផ្លូវ៣៨ខ្សែ បានអនុវត្តព្រមៗគ្នា បូករួមទាំងគម្រោងអភិវឌ្ឍន៍ខេត្ត ដែលកត្តានេះនឹងធ្វើឲ្យមានការលំបាកក្នុងការធ្វើដំណើរ ដោយសារមានការបិទផ្លូវដើម្បីឈូសឆាយ ជាមួយនឹងគ្រឿងចក្រ ឡានដឹកដី ដែលបង្កឲ្យមានការកកស្ទះ ហុយ និងពិបាកក្នុងការធ្វើដំណើរ ។ នេះបើយោងតាមទំព័រហ្វេសបុក លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២១០ ខែធ្នូ ឆ្នាំ២០២០។
លោកអភិបាលខេត្តសៀមរាប បានអំពាវនាឲ្យបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់នឹងផ្លូវ និងអ្នកធ្វើដំណើរលើផ្លូវខាងលើទាំងអស់ សូមមេត្តាយោគយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍ ប្រកបដោយការអធ្យាស្រ័យ និងស្តាប់តាមការណែនាំរបស់អជ្ញាធរខេត្ត ជៀសវៀងការធ្វើដំណើរតាមផ្លូវដែលកំពុងអនុវត្តគម្រោង ក្នុងករណីមិនចាំបាច់។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ ចំនួន ៣៨ខ្សែ និងកែលំអរផ្លូវដងស្ទឹងសៀមរាប ក្នុងខេត្តសៀមរាប៕