គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ពី រាជធានីភ្នំពេញ ទៅខេត្តកណ្តាល បាននិងកំពុងសិក្សាលម្អិតដើម្បីជំរុញការចាប់ផ្តើមសាងសង់ឆាប់ៗនេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ពី រាជធានីភ្នំពេញ ទៅខេត្តកណ្តាល បាននិងកំពុងសិក្សាលម្អិតដើម្បីជំរុញការចាប់ផ្តើមសាងសង់ ដែលក្នុងអំឡុងពេល នៃការសិក្សានេះនឹងមានការបិទផ្លូវនាវាចរណ៍មួយចំនួន ដើម្បីយកសំណាកគំរូពិសោធន៍ និងធ្វើពិសោធន៍ដែលអាច បង្កឱ្យមានការរំខានដល់ការធ្វើនាវាចរណ៍ផ្សេងៗ។
ក្រសួងបានគូសបញ្ជាក់ថា ដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ដែលធ្វើដំណើរតាមទន្លេសាប និងទន្លេមេគង្គ ឆ្លងកាត់តំបន់ ការដ្ឋានសាងសង់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាបង្កើនការយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ និងសូមអនុវត្តតាមការណែនាំ៖ ១. បន្ថយល្បឿននាវា និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានផ្លាក និងពោងសញ្ញាបង្ហាញ។ ២. រក្សាចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ យ៉ាងតិច ៥០ម៉ែត្រ ដើម្បីចៀសវាងហានិភ័យនៃការប៉ះ ទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតតំបន់សិក្សា។ ៣. ផ្តល់អាទិភាពដល់ក្រុមការងារសិក្សាគម្រោង និងអនុវត្តតាមការផ្តល់សញ្ញា និងការណែនាំពីក្រុមការងារ ចរាចរណ៍ផ្លូវទឹក។ ៤. មិនអនុញ្ញាតឱ្យនាវាបោះយុថ្កា ឈប់សំចត ឬស្នាក់នៅក្នុងចម្ងាយ ១០០ម៉ែត្រ ពីតំបន់សិក្សា។ ៥. នាវាធ្វើដំណើរឆ្លងកាត់តំបន់សិក្សា ត្រូវតែធ្វើចរាចរណ៍ទៅតាមទីតាំងដែលបានកំណត់។
សូមរម្លឹកថា កាលក្នុងជំនួបរវាងប្រធានាធិបតីកូរ៉េ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីចុងឆ្នាំ២០២៤ បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅឆ្នាំ ២០២៥ ខណៈកម្ពុជារំពឹងថា វត្តមានស្ពាននេះ នឹងកាន់តែជួយពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។
គួរជម្រាបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា- កូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ – អរិយក្សត្រ) មានទឹកប្រាក់ឥណទានទឹកប្រាក់ជាង ២៤៥ លានដុល្លារ។គម្រោងនេះ ត្រូវបានចុះហត្ថលេខាកាលព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
គម្រោងនេះ គឺសាងសង់ស្ពានចំនួន ២ នៅទីតាំង «ផ្សាររាត្រី – ជ្រោយចង្វារ និង ជ្រោយចង្វារ – អរិយក្សត្រ» ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លង ប្រភេទ A/C, ទទឹងស្ពានមានប្រវែងសរុប ២៧,៥ ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គ.ម/ម៉ោង។ គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ៥ ឆ្នាំ ២ ខែ (៦២ ខែ) និងរយៈពេលសាងសង់ចំនួន ៣ ឆ្នាំ ៩ ខែ(៤៧ខែ)៕