សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុឯកជនទាំងអស់ ផ្តល់កម្ចីការប្រាក់ទាបដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីទិញស្រូវពីកសិករ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ។
ស្របតាមការតាមអំពាវនាវនេះ សម្តេចសង្ឃឹមថាធនាគារឯកជន នឹងចូលរួមជាមួយរដ្ឋ ដើម្បីចូលរួមជួយសម្រាលទាំងអស់គ្នា ក្នុងជួយដល់កសិករ ក៏ដូចជាជួយដល់សេដ្ឋកិច្ច ក្នុងពេលលំបាកនេះ។
បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ការធានាតម្លៃទីផ្សារកសិផលជូនប្រជាកសិករ បញ្ហាទាំងអស់នេះយើងត្រូវគិតជាកញ្ចប់ ត្រូវគិតទាំងអស់ រឿងទីមួយដែលសំខាន់ នោះគឺការបើកទីផ្សារបន្ថែម ដើម្បីធានាដល់ការដាំដុះ លទ្ធភាពនៃការដាំដុះ បច្ចេកទេសដាំដុះជូនប្រជាកសិករ។
គួរបញ្ជាក់ដែរថា បើតាមសម្តេច អះអាងថាថា ជាវិធានការចំពោះក្ដីកង្វល់របស់ប្រជាពលរដ្ឋមួយរយៈពេលចុងក្រោយនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចដំឡើងថវិការសរុបថវិកា១៥០លានដុល្លារ ដើម្បីជួយទិញស្រូវរបស់ប្រជាកសិករ៕

