អ្នកឧកញ៉ា តុល លន ស្ថាបនិកក្រុមហ៊ុន លន ស៊ីធី គ្រុប និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា ព្រមទាំងភរិយា និងក្រុមគ្រួសារ កូនកំលោះ កូនក្រមុំទាំងសងខាង សូមគោរពអរគុណ សម្ដេច ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមពិធីរៀបអាពាហ៍ពិពាហ៍ កូនប្រុស-ស្រី អ្នកឧកញ៉ា យ៉ាងច្រើនកុះករ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅអាគារ ដឹ ព្រេមៀ សេនធ័រ សែនសុខ ។

សូមជម្រាបថា កូនកំលោះ អ្នកឧកញ៉ា តុល លន អនុប្រធាននៃសមាគមឧកញ៉ាកម្ពុជា គឺ ឧកញ៉ា លន លាងហុង ដែលមានតួនាទីជានាយកផ្នែកបច្ចេកទេសសំណង់នៃក្រុមហ៊ុន លន ស៊ីធី គ្រុប និងជាសមាជិកនៃសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ទើបតែចូលរោងជ័យ ជាមួយកូនក្រមុំដ៏ស្រស់សោភា គឺអ្នកនាង វង្ស ស៊ូហ៊ុយ។

ឆ្លៀតក្នុងឱកាសដ៏មហោឡារឹកនេះ អ្នកឧកញ៉ា ផ្ទាល់ ព្រមទាំងក្រុមគ្រួសារទាំងសងខាង ក៏សូមលើកម្រាមដៃដប់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្កិសិទ្ធិក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីសួស្ដីមហាបវរ ជូនភ្ញៀវកិត្តិយសទាំងអស់ និងសូមឱ្យភ្ញៀវកិត្តិយសទាំងអស់ បានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ ៕








































