កម្ពុជាគ្រោងបង្កើតបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅអង់គ្លេសនិងឥណ្ឌា ជាច្រកទ្វារដ៏សំខាន់ជំរុញផលិតខ្មែរទៅកាន់ទីផ្សារអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ កម្ពុជា មានគម្រោងនឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងទីក្រុងញ៊ូវដែលី នៃសាធារណរដ្ឋឥណ្ឌា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទងនឹងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន ឧកញ៉ា លឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុន AZ Group និងលោក Jas Sohl នាយកក្រុមហ៊ុន SOHL និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងសំណើរៀបចំបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានាព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។

យោងតាមក្រសួងពាណិជ្ជកម្ម ជំនួបនេះបានពិនិត្យនិងពិភាក្សាអំពីការរៀបចំបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេស ដែលមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ជាច្រកទ្វារដ៏សំខាន់ក្នុងការផ្សព្វផ្សាយនិងជំរុញផលិតខ្មែរទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការដាក់តាំងបង្ហាញផលិតសក្តានុពលកម្ពុជា និងឯកសារពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ដើម្បីទាក់ទាញពាណិជ្ជករ វិនិយោគិន និងភ្ញៀវទេសចរបរទេស មកកាន់ព្រះរាជាណាចក្រកម្ពុជា។

អង្គប្រជុំក៏បានបង្ហាញជំហរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជា ជាពិសេសស្វាយចន្ទី កម្ពុជា ទៅកាន់ទីផ្សារចក្រភពអង់គ្លេស និងសាធារណរដ្ឋឥណ្ឌា ក្រោយពេលដែលមជ្ឈមណ្ឌលនេះបានបង្កើតរួចរាល់ នៅទីក្រុងឡុងដ៍ និងទីក្រុងញ៊ូវដែលី៕