អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រាបជូនដំណឹងដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់រាជធានី-ខេត្ត សហគមន៍កសិកម្មផលិតកម្មដំណាំស្រូវ ប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវ និងបណ្តាក្រុមហ៊ុននាំចេញទាំងអស់ ថា កាលពីពេលកន្លងទៅថ្មីៗនេះ នៅលើគេហទំព័រប្រព័ន្ធជូនដំណឹងរហ័សសម្រាប់ម្ហូបអាហារនិងចំណីសត្វរបស់សហភាពអឺរ៉ុប (Rapid Alert System for Food and Feed-RASFF) បានជូនដំណឹងអំពីការរកឃើញកម្រិតសំណល់ថ្នាំកសិកម្ម Acetamiprid, Tricyclazole, Thiamethoxam នៅក្នុងអង្ករកម្ពុជាលើសកម្រិតបញ្ញត្តិជាធរមានរបស់សហភាពអឺរ៉ុប ០,០១មីលីក្រាម/គីឡូក្រាម។
តាមរយៈបញ្ញត្តិនេះ មានសារធាតុសកម្មថ្នាំកសិកម្មចំនួន៣១៣មុខ ក្នុងចំណោម ៥១៧មុខ ដែលអនុញ្ញាតឱ្យប្រើប្រាស់លើដំណាំស្រូវ ត្រូវបាន សហភាពអឺរ៉ុបដាក់បញ្ញត្តិកម្រិតសំណល់អតិបរមានៃថ្នាំកសិកម្ម (Maximum Residue Limit – MRL) ក្នុងអង្ករ ត្រឹមតែ ០,០១មីលីក្រាម/គីឡូក្រាម ពោលគឺត្រូវបានទម្លាក់ចំនួន ១០០ដង នៃកម្រិតចាស់គឺ ១មីលីក្រាម/គីឡូក្រាម។ បញ្ហានេះ បាននិងកំពុងជះឥទ្ធិពលដល់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ដែលកន្លងមកថ្មីៗនេះ អង្ករកម្ពុជាមួយ ចំនួនដែលមានកម្រិតសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ត្រូវបានដឹកត្រឡប់មកវិញ។
ឆ្លើយតបនឹងបញ្ហានេះ អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងជំរុញការអនុវត្តវិធានការមួយចំនួនរួមមាន ជាអាទិ៍៖ ការរៀបចំចងក្រងសហគមន៍កសិកម្មទំនើបផលិតកម្មដំណាំស្រូវផ្សារភ្ជាប់នឹងយន្តការផលិតកម្មតាមកិច្ចសន្យា ដុះប្រភេទពូជស្រូវមានសក្តានុពលរបស់ជាតិ ការកំណត់តំបន់ដាំដុះដំណាំស្រូវ និងការផ្សព្វផ្សាយអំពីលក្ខខណ្ឌ តម្រូវសម្រាប់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព បង្ការមិនឱ្យមានសំណល់ ថ្នាំកសិកម្មលើសកម្រិតកំណត់ ពិសេសផ្តោតលើការប្រើប្រាស់ប្រភេទថ្នាំកសិកម្មដែលអាចជំនួសថ្នាំកសិកម្មជាប់ កម្រិតកំណត់ទាប ដើម្បីធានានិរន្តរភាពទីផ្សារអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប។
ទន្ទឹមនេះ អគ្គនាយកដ្ឋានកសិកម្ម បានរៀបចំនូវបញ្ជីប្រភេទថ្នាំកសិកម្មដែលអាចជំនួសថ្នាំកសិកម្មជាប់កម្រិត កំណត់ទាប និងមានចុះបញ្ជីអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។
អគ្គនាយកដ្ឋានកសិកម្ម ក៏បានអំពាវនាវដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់រាជធានី-ខេត្ត សហគមន៍ កសិកម្មផលិតកម្មដំណាំស្រូវ ប្រជាកសិករ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ការប្រើប្រាស់ថ្នាំកសិកម្ម ជាជម្រើសចុងក្រោយ ដោយអនុវត្តតាមគោលការណ៍ណែនាំបច្ចេកទេសដែលមាននៅលើសម្បកវេចខ្ចប់ប្រកបដោយ ស្មារតីទទួលខុសត្រូវនិងប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា។ ជាមួយគ្នានេះ អ្នកនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប គួរធ្វើតេស្តរកសារធាតុសំណល់ថ្នាំកសិកម្មនៅក្នុងអង្ករមុនពេលនាំចេញ ដើម្បីបញ្ចៀសនូវបញ្ហាសំណល់ថ្នាំកសិកម្ម លើសកម្រិតកំណត់ និងធានាបាននូវនិរន្តរភាពទីផ្សារនាំចេញ។
ក្នុងករណីដែលសហគមន៍កសិកម្មផលិតកម្មដំណាំស្រូវ ប្រជាកសិករ និងភាគីពាក់ព័ន្ធទាំងអស់ ចង់ស្វែងយល់បន្ថែមអំពីព័ត៌មានខាងលើនេះ សូមទាក់ទងមកកាន់នាយកដ្ឋាន ការពារដំណាំ អនាម័យ និងភូតគាមអនាម័យដែលជាសេនាធិការបច្ចេកទេសនៃអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរាជធានី-ខេត្តនិង/ឬមន្ត្រីកសិកម្មឃុំដែលនៅជិតបំផុត ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា៕