គិតត្រឹមថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តចំនួនបីគឺ ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចបាន ៩៦.១៦ ភាគរយ ក្នុងនោះស្ពានដែលមានកម្ពស់ខ្ពស់ជាងគេប្រវែងរហូតដល់ ៥៣០ម៉ែត្រ សម្រេចការសាងសង់បាន ៩៣ ភាគរយ ដោយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,៥១៨ គ.ម (PK000+000 – PK198+518) ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៩៦,១៦% ហើយ។
លោកបន្តថា ចំពោះវឌ្ឍនភាពនេះនៃគម្រោងនេះសម្រេចបានរួមមាន៖ ការងារផ្លូវថ្នល់, ការងារស្ពាន, ការងារស្ពានខ្ពស់ជាងគេប្រវែង៥៣០ម៉ែត្រសម្រេចបាន៩៣%(គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ),ការងារលូកាត់ទទឹងថ្នល់ និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេ។លោកបញ្ជាក់ទៀតថា នាពេលបច្ចុប្បន្ននេះ ផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម មានសភាពហុយ ពិបាកក្នុងការមើលផ្លូវ។

ចំពោះស្ថានភាពកំណាត់ផ្លូវលេខ១០ បច្ចុប្បន្នមានស្ថានភាពដូចតទៅ៖ ពីpk0(សំឡូត)-pk60(ក្រពើពីរ)កៅស៊ូDBST ,ពីpk 60-pk 85 ក្រួសក្រហម និងកំពុងចាក់ថ្មធ្វើស្រទាប់គ្រឹះ បាញ់កៅស៊ូ ,ពីpk 85-pk112(អូរសោម)កៅស៊ូ DBST ពីpk 112 -pk 175 កំពុងបាញ់កៅស៊ូ DBST( សូមបញ្ជាក់ផងដែរ ពីpk 122 ដល់pk129 យើងប្រើប្រាស់ចាស់ដែលជាផ្លូវក្រួសក្រហមវាងស្ពានខ្ពង់) ,និងពីpk 175-pk 198 (កោះកុង)កៅស៊ូDBST ។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕ អត្ថបទ៖ ហ្សាលីន




