លោក ជែម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនថា ប៉ាគីស្ថាននឹងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើង។លោកលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលថ្ងៃ ទី២០ ខែមករា ឆ្នាំ២០២៥។
នាឱកាសនោះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន បានបញ្ជាក់ថា ប៉ាគីស្ថាននឹងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជា តាមរយៈការជំរុញធុរជនប៉ាគីស្ថានមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរធុរជនរវាងប្រទេសទាំងពីរ ដើម្បីឱ្យក្លាយជាមូលដ្ឋាននៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ ដោយកម្ពុជា និងប៉ាគីស្ថាន ទទួលបានរបបអនុគ្រោះពន្ធ (GSP) នោះ លោករដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា កម្ពុជា និងប៉ាគីស្ថាន គួរប្រើប្រាស់ឱ្យអស់លទ្ធភាពនូវរបបអនុគ្រោះពន្ធនេះ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្វាគមន៍ និងថ្លែងអរគុណលោករដ្ឋមន្រ្តី ចំពោះការលើកឡើងអំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ ខណៈសម្តេច ក៏បានផ្តល់អនុសាសន៍ថា កម្ពុជា-ប៉ាគីស្ថានគួរតែចាប់យកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាកំណល់លើកកម្ពស់ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរបន្ថែមទៀត។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ប្រាប់រដ្ឋមន្រ្តីពាណិជ្ជកម្មប៉ាគីស្ថាន បានបន្ថែមថា នៅពេលខាងមុខ គណៈកម្មាធិការចម្រុះនៃប្រទេសទាំងពីរ គួរធ្វើការពិនិត្យលើ កិច្ចព្រមព្រៀងស្តីពីការគាំពារអ្នកវិនិយោគ និងការមិនយកពន្ធត្រួតស៊ីគ្នាជាដើម…ដើម្បីជំរុញការវិនិយោគទ្វេភាគី និងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរទៅក្នុងក្របខណ្ឌតំបន់ និងពិភពលោកបន្ថែមទៀត៕ អត្ថបទ៖ ហ្សាលីន