លោក ស៊ុន ចាន់ថុល ធ្វើជាតំណាងសម្តេចធិបតី ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក  (World Economic Forum Annual Meeting 2025)។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក  បានធ្វើឡើង ក្រោមប្រធានបទ “កិច្ចសហការសម្រាប់យុគសម័យឆ្លាតវៃ” (Collaboration for The Intelligent Age) ដែលប្រព្រឹត្តទៅនៅក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស​ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

គួរជម្រាបថា វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) គឺជាមូលនិធិមិនស្វែងរកប្រាក់ចំណូល ដែលមានមូលដ្ឋានក្នុងទីក្រុង ហ្សឺណែវ ប្រទេសស្វីស។ បេសកកម្មវេទិកាសេដ្ឋកិច្ចពិភពលោក គឺប្តេជ្ញាជម្រុញវិស័យពាណិជ្ជកម្ម នយោបាយ និងរៀបចំរបៀបវារៈ នៃកិច្ចប្រជុំផ្តោតលើវិស័យឧស្សាហកម្មថ្នាក់តំបន់ និងពិភពលោក។

សូមរម្លឹកដែរថា ជាការកត់សម្គាល់ កាលពីដើមឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកនេះម្ដងរួចមកហើយ នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស៕ អត្ថបទ៖ ហ្សាលីន