ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានហ្វីលីពីន បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាស្តីពី “វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន” កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការ រវាង ក.ប.ទ. និងក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានហ្វីលីពីន ក្នុងការផ្ទេរបច្ចេកវិទ្យាឌីជីថល ទៅវិញទៅមកដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរបស់ប្រទេសទាំងពីរ ជាពិសេស នាពេលនេះគឺ អ្នកបច្ចេកទេសនៃប្រទេសទាំងពីរបានជួបគ្នាដើម្បីផ្លាស់ប្តូរបទពិសោធនិងធ្វើការផ្ទេរបច្ចេកវិទ្យារវាងប្រទេសទាំងពីរនូវ ប្រព័ន្ធឌីជីថលចំនួន២ គឺ ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជានិងកម្មវិធី eGov SuperApp របស់ ហ្វីលីពីន ដែលគ្រោងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៥នេះ។
លោកបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន ក្នុងការផ្ទេរបច្ចេកវិទ្យានិងបទពិសោធគ្នាទៅវិញ ទៅមក គឺមានសារៈសំខាន់ណាស់ ព្រោះកិច្ចសហប្រតិបត្តិនេះនឹងធ្វើឱ្យ ល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលនឹងលលឿនជាងមុន, ប្រទេសទាំងពីរមានមូលដ្ឋានកាន់តែរឹងមាំ ដើម្បីយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍប្រព័ន្ធឌីជីថល ផ្អែកតាមការផ្លាស់ប្តូរបទពិសោធដែលប្រទេសទាំងពីរបានជួប ប្រទះកន្លងមកក្នុងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា និងចំណងការទូតរវាងកម្ពុជានិងហ្វីលីពីនកាន់តែមាន ភាពជិតស្និទ្ធមួយកម្រិតទៀតផងដែរ។
នាឱកាសនោះផងដែរ លោករដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានហ្វីលីពីន បានលើកឡើងពីអត្ថប្រយោជន៍ការប្រើប្រាស់ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.ph សម្រាប់ហ្វីលីពីន ដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារនានាដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចរបស់សាធារណរដ្ឋ ហ្វីលីពីន និងផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងការយកទៅប្រើប្រាស់។
លោកបានបន្តថា កិច្ចសហប្រតិបត្តិការរវាង ក.ប.ទ. កម្ពុជា និងក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ហ្វីលីពីន បង្កើតឱ្យមានមូលដ្ឋានគ្រឹះសម្រាប់ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការកសាងសមត្ថភាព និងការជ្រើសរើសឱ្យបានត្រឹមត្រូវ នៃដំណោះស្រាយឌីជីថលដែលនឹងត្រូវប្រើប្រាស់សម្រាប់ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ហើយកិច្ចសហប្រតិបត្តិការ ទាំងនេះក៏បានបង្ហាញអំពីជំហរនិងការតាំងចិត្តរបស់ប្រទេសទាំងពីរក្នុងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលផងដែរ។
ក្នុងឱកាសនេះផងដែរ រដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់អំពីជំហរលើកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរបទពិសោធនិងការផ្ទេរបច្ចេកវិទ្យានៃផ្ទាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov របស់កម្ពុជា និងកម្មវិធី eGov SuperApp របស់ហ្វីលីពីន ជាមួយបណ្តាប្រទេសផ្សេងទៀត ដែលចាប់អារម្មណ៍មកលើថ្នាលនេះ។
សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍ ដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល ក្នុងការ ប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំង ជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ៕