កម្ពុជា-ប៉ាគីស្ថាន បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈភាគីទាំងពីរក៏បាន ប្តេជ្ញាថា នឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ជាច្រើនឱ្យកាន់តែខ្លាំងថែមទៀត។
នេះបើយោងតាមជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន
កាលព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។
នាឱកាសនោះ សម្ដេចធិបតី និងលោករដ្ឋមន្ត្រីក៏បានពិភាក្សាពីការជំរុញ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ជាច្រើនរួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល អប់រំ កសិកម្ម បច្ចេកវិទ្យា កម្មន្តសាល ទេសចរណ៍ និងការតភភ្ជាប់រវាងប្រជាជននិងប្រជាជន។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា គឺដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថាន លើកទី១ នៅកម្ពុជា ដែលកិច្ចប្រជុំនេះនឹងមានជំនួបរវាងសហគមន៍ធុរកិច្ចប៉ាគីស្ថាន និងកម្ពុជា ដែលនឹងចូលរួមចំណែកបង្កើតជាកាលានុវត្តភាពវិនិយោគបន្ថែមទៀតសម្រាប់ធុរជនប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
ជាការឆ្លើយតប សម្ដេចធិបតីបានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះទំនាក់ទំនងប្រទេសទាំងពីរ ខណៈសម្ដេចក៏បានបញ្ជាក់អំពីការគាំទ្រនិងវិធានការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលដើម្បីធានាដល់ភាពជោគជ័យរបស់វិស័យឯកជននៅកម្ពុជា ពិសេជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាផងដែរ៕ អត្ថបទ៖ហ្សាលីន