កម្ពុជា-ហ្វីលីពីន ជំរុញការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់គោលដៅសំខាន់ៗបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន បានឯកភាពជំរុញការតភ្ជាបឮជើងហោះហើរត្រង់បន្ថែមទៀត ពិសេសភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី។

នាឱកាសនោះ ភាគីទាំងពីរ បានបើកកិច្ចពិភិក្សាលើការជំរុញកិច្ចសហប្រតិបត្តិការ ទេសចរណ៍រវាងប្រទេសទាំងពីរ ដោយផ្តោតលើការពិនិត្យលើកម្មវិធីអនុវត្តអនុស្សរណៈយោគយល់គ្នា ដើម្បីពន្លឿនការចុះហត្ថលេខាកម្មវិធីអនុវត្តអនុស្សរណៈយោគយល់គ្នានេះក្នុងពេលដ៏ឆាប់ខាងមុខនេះ។

បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានឯកភាពជំរុញរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ហ្វីលីពីនក្នុងពេលដ៏ខ្លីខាងមុខ និងជំរុញការតភ្ជាបឮជើងហោះហើរត្រង់បន្ថែមទៀតរវាងគោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរផងដែរ។

សូមបញ្ជាក់ដែរថា ក្នុងឆ្នាំ ២០២៤ កន្លងទៅនេះ កម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៧ លាននាក់ កើនឡើង ២៣ ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដោយក្នុងនោះ ភ្ញៀវទេសចរពេញនិយមបំផុតគឺមកពីប្រទេសថៃ វៀតណាម ចិន ឡាវ និងសហរដ្ឋអាមេរិក ព្រមទាំងប្រទេសផ្សេងទៀតក្នុងទ្វីបអឺរ៉ុប។នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥។ ក្រសួងទេសចរណ៍ រំពឹងថា តាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ជាមួយបណ្តាប្រទេសនានា នឹងជួយវិស័យនេះឱ្យមានកំណើនថែមទៀត៕ អត្ថបទ៖ ហ្សាលីន