ភ្នំពេញ៖ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានទទួលជួបជាមួយលោក Nirawat Rangseekanjana ទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតថៃ។

ទាក់ទងនឹងជំនួបនេះ ស្ថានទូតថៃ បានសុំការសហការពីសភាពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំកម្មវិធីផ្គូផ្គងធុរកិច្ចថៃ-កម្ពុជា ក្នុងវិស័យសុខាភិបាល និងសម្រស់ ដែលនឹងគ្រោងរៀបចំឡើងនៅខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។
ឯកឧត្តមឧកញ៉ាអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា៖សភាពាណិជ្ជកម្មកម្ពុជា នឹងជួយគាំទ្រនៅក្នុងកម្មវិធីនេះ ដោយហេតុកម្មវិធីនេះនឹងជួយពង្រឹងទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងថៃ ហើយក៏ជាឱកាសល្អសម្រាប់សមាជិកសភាពាណិជ្ជកម្មកម្ពុជាក្នុងការបង្កើតទំនាក់ទំនងអាជីវកម្មបន្ថែមទៀត។
គិតត្រឹមចុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា ថៃសម្រេចបាន ៣៩១២លានដុល្លារអាម៉េរិក កើនឡើង ១៣,៧២% ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន ៧៨០លានដុល្លារ អាម៉េរិក។ក្រុមហ៊ុន សហគ្រាសថៃ ចំនួន៧៤ បានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា៕


