គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន បានមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ដោយផ្ទាល់ពីឱកាសធ្វើធុរកិច្ច វិនិយោគ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន។
ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្ត្រីនៃប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារ Hyatt Regency Phnom Penh។
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអរគុណដល់គណៈប្រតិភូហ្វីលីពីនដែលបានចំណាយពេលវេលាអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ និងប្រកបធុរកិច្ច។
ជាមួយគ្នានេះ លោកបានគូសរំលេចអំពីបច្ចុប្បន្នភាពថ្មីនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយថាមវន្តរបស់កម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈកំណើននៃផលិតផលក្នុងស្រុកសរុបក្នុងអត្រា៦% កាលពីឆ្នាំ២០២៤, ស្ថិរភាពនៃអត្រាប្តូរប្រាក់ និងអតិផរណា, និងការកើនឡើងជាលំដាប់នៃគម្រោងវិនិយោគ។
ពាក់ព័ន្ធនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទន់ដែលគាំទ្រដល់បរិយាកាសវិនិយោគ រាជរដ្ឋាភិបាលបានខិតខំធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយ, ច្បាប់ និងបទប្បញ្ញត្តិសំដៅធានាបាននូវភាពបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន និងអនុគ្រោះខ្ពស់សម្រាប់ទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យដោយគ្មានការរើសអើង។ ជាក់ស្តែង វិស័យ និងសកម្មភាពវិនិយោគស្ទើរគ្រប់វិស័យបានទទួលការលើកទឹកចិត្តផ្នែកសារពើពន្ធ និងការលើកទឹកចិត្តផ្នែកមិនមែនសារពើពន្ធដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ។
លោកអគ្គលេខាធិការរង បានស្នើដល់វិនិយោគិននិងធុរជនដែលមានវត្តមាននាឱកាសនេះ ចាប់យកសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន ព្រមទាំងសម្រេចចិត្តជាយុទ្ធសាស្រ្តដើម្បីទាញយកអត្ថប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។
សូមជម្រាបជូនផងដែរថា វេទិកាធុរកិច្ចខាងលើត្រូវបានសហការរៀបចំឡើងដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្មកម្ពុជា, ស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា, សភាពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្មហ្វីលីពីនប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ភាគីពាក់ព័ន្ធសរុបប្រមាណ១៥០រូប៕