លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះថា គិតមកដល់ពេលនេះ មានរោងម៉ាស៊ីនក្នុងស្រុកជាង២០ហើយ ដែលកំពុងសហការក្នុងការប្រមូលទិញស្រូវប្រមាណជាង១ម៉ឺនតោន ក្នុងមួយថ្ងៃពីប្រជាកសិករ។
ម្ចាស់រោងម៉ាស៊ីនកិនស្រូវ រស់ណេង នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានឱ្យដឹងថា រោងម៉ាស៊ីនលោកទិញស្រូវចន្លោះពី២០០ទៅ៣០០តោនក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ ដែលជាប្រភេទស្រូវអូអឹម ៥៤៥១ ព្រោះនៅខេត្តព្រៃវែងភាគច្រើនធ្វើស្រូវប្រភេទអូអឹម៥៤៥១។
លោកបន្តថា ចំពោះតម្លៃទៅតាមប្រភេទស្រូវ ដោយរោងម៉ាស៊ីនលោកទិញទាបបំផុត៨៥០រៀល ក្នុងមួយគីឡូក្រាម (សម្រាប់ស្រូវធ្លាក់គុណភាព) តម្លៃ៨៦០រៀល ជាប្រភេទស្រូវធម្មតា អាចទទួលយកបាន និងថ្លៃបំផុត ៨៧០រៀល (សម្រាប់គុណភាពល្អ)។
លោកបន្តទៀតថា ទោះបីជារោងម៉ាស៊ីនលោកមិនមានតម្រូវការក៏លោកនៅតែទិញចូលដែរ ប៉ុន្តែគ្រាន់តែជួបនៅបញ្ហាខ្វះដើមទុនតិចតួច ដោយសារមានបញ្ហាស្ទះការបង្វិលជាដើម។
បើតាមម្ចាស់រោងម៉ាស៊ីនខាងលើ ការទិញនេះជាការចូលរួមមួយផ្នែកដល់ការជួយកសិករ ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម បើសិនជាខាងរោងម៉ាស៊ីនមិនសហការទិញស្រូវពីកសិករទេ ស្រូវនោះនឹងធ្លាយដល់វៀតណាម តម្លៃអាចកាន់តែធ្លាក់។
លោកក៏បានគូសបញ្ជាក់ថា បើសិនជាកសិករងាកមកធ្វើស្រូវក្រអូបវិញវាជាការល្អ ព្រោះយើងអាចធ្វើទីផ្សារខ្លួនឯង ផ្ទុយមកវិញបើយើងផ្តោតលើ៥៤៥១ច្រើនពេក វាអាចនឹងមិនមានតម្លៃមួយស្ថេរភាព ពោលគឺផ្អែកតាមទីផ្សារវៀតណាម។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកជាច្រើនកំពុងសហការជាមួយក្រសួងកសិកម្ម សម្រុកទិញស្រូវពីប្រជាកសិករ ស្របពលដែលកសិករជួបនូវបញ្ហាធ្លាក់ថ្លៃស្រូវ OM5451 ដែលជាប្រភេទស្រូវវៀតណាម។ ទាក់ទងបញ្ហានេះ ក្រសួងកសិកម្ម ក៏បានស្នើឱ្យរួមគ្នាជំរុញឱ្យកសិករងាកមកចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាជំនួសពូជស្រូវវៀតណាមវិញផងដែរ ដើម្បីបញ្ចៀសហានិភ័យទីផ្សារនៅរដូវក្រោយៗទៀត ខណៈក្រសួងកសិកម្មក៏បានប្តេជ្ញានឹងជួយជំរុញឱ្យមានការសហការសម្របសម្រួលជាមួយអាជ្ញាធរ និងរោងម៉ាស៊ីនកិនស្រូវអំពីទីផ្សារ និងតម្លៃ ដើម្បីធានានិរន្តរភាពវិស័យស្រូវអង្ករនៅកម្ពុជាផងដែរ៕