ឆ្នាំ២០២៤៖ កម្ពុជា រកចំណូលបានជាង៥ ពាន់លានដុល្លារ ពីការនាំចេញកសិផលទៅកាន់ ៩៤ ប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងឆ្នាំ២០២៤កន្លងទៅ​ កម្ពុជាទទួលបានចំណូលជាង ៥ ពាន់លានដុល្លារ (៥,៣) ពីការនាំចេញកសិផលប្រមាណ ១២ លាន​តោន ទៅកាន់ ៩៥ ប្រទេស ។ នេះបើយោងតាមប្រសាសន៍ របស់ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ថ្លែងក្នុងពិធី​សន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៤​ និងទិស​ដៅ​អនុវត្តឆ្នាំ២០២៥​ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោកបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ កម្ពុជា បាននាំចេញកសិផលប្រមាណ ១២ លាន​តោន ទៅកាន់ ៩៥ ប្រទេស ដោយទទួលចំណូលបានជាង ៥ ពាន់លានដុល្លារ (៥,៣) ពោលបរិមាណនាំចេញ គឺកើនឡើងជាង ៣ លានតោន ធៀប​នឹងឆ្នាំ ២០២៣។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា អនុវិស័យដំណាំ បានចូល​រួម​ធំជាងគេនៅក្នុងវិស័យកសិកម្មទាំងមូល រហូតដល់ ៦១% ក្នុងឆ្នាំ ២០២៤ សម្រេច​បាន​ផលិតកម្មចំនួន ៣៩,៤ លានតោន កើនឡើង ២,៥៩ លានតោន ធៀបនឹងឆ្នាំ ២០២៣។ទន្ទឹមគ្នានេះ ផលិតកម្មស្រូវ សម្រេចបាន ១៣,៨៩ លានតោន ដែលធានាបានទាំងស្រុងនូវសន្តិសុខ​ស្បៀង​កម្ពុជា និងមានអតិរេក ៨,២ លានតោន សម្រាប់ការនាំចេញជាស្រូវ និងអង្ករ។

ចំពោះផលិតផលកសិកម្មសំខាន់ៗ ដែលនាំចេញពីកម្ពុជារួមមាន៖ ស្រូវ អង្ករ ចេក ដំឡូងមី ស្វាយចន្ទី ផ្លែមៀន ម្រេច និងកសិផលប្រមាណ ១០០ មុខទៀត។នេះបើតាមការបញ្ជាក់បន្ថែមពីលោក រដ្ឋមន្រ្តីកសិកកម្ម។

គួរបញ្ជាក់ដែរថា ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ក្រសួងកសិកម្ម ក៏បានដាក់ចេញទិសដៅសំខាន់ចំនួន៦ចំនុច រួមមាន៖ ១.ជំរុញផែនការសកម្មភាព និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ២. បង្កើនកិច្ចសហប្រតិបត្តិការពង្រីកទីផ្សារ ដើម្បីស្រូបយកកសិផលកសិកម្ម ជំរុញការកែច្នៃ ទទួលបានតម្លៃបន្ថែមខ្ពស់ និងនាំចេញទៅទីផ្សារធំៗ ជាពិសេសការបង្កើតនូវសួនកសិ-ឧស្សាហកម្ម​ ដែលអាចដោះស្រាយបញ្ហាការកកស្ទះផលិតផល និងជំរុញកសិកម្មផ្សាភ្ជាប់ឧស្សាហកម្ម​ ៣.លើកទឹកចិត្តដល់ធនាគារនានា ផ្តល់នូវកម្ចីការប្រាក់ទាបដល់វិស័យកសិកម្ម ដែលមានការខ្វះខាតទុន និងតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ ៤.បង្កើតគោលនយោបាយការផលិតជីសរីរាង្គក្នុងស្រុក ដើម្បីចូលរួមរក្សាគុណភាពដី និងបង្កើនប្រាក់ចំណូលប្រជាកសិករ ៥.ប្រើប្រាស់កម្លាំង និងមធ្យោបាយសរុបក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធជលផល ព្រៃឈើ និងសត្វព្រៃ និង៦.ពង្រឹងកិច្ចសហប្រតិបត្តិការពន្លឿនការចុះបញ្ជីដីរដ្ឋ៕ អត្ថបទ៖​ហ្សាលីន