ថ្លែងក្នុងពិធីសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា មកទល់ពេលនេះ ក្រសួងកសិកម្មបានបង្កើតសហគមន៍កសិកម្មទំនើបចំនួន៩ នៅក្នុងខេត្តចំនួន៦ ដោយផ្តោតលើមុខដំណាំយុទ្ធសាស្រ្ត៤ គឺដំណាំស្រូវ បន្លែ ស្វាយចន្ទី និងម្រេច ។
លោកបន្តថា ក្នុងនោះសហគមន៍៥ បានទទួលប្រាក់កម្ចី៨៥ម៉ឺនដុល្លាររួចមកហើយក្នុងអត្រាការប្រាក់ត្រឹម៧%ក្នុងមួយឆ្នាំ តែប៉ុណ្ណោះ ហើយសហគមន៍ដែលទើបត្រូវបានបង្កើតឡើងទទួលបាននូវការគាំទ្រខ្ពស់ពីក្រសួង និងកំពុងដំណើរការល្អប្រសើរ ជាមួយនឹងចំណាប់អារម្មណ៍ និងមានទំនុកចិត្តកើនឡើងពីប្រជាកសិករ ខណៈដែលក្រសួងកំពុងខិតខំពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើនដូចជា ធនាគារវីង សហគ្រិនខ្មែរ សាជីវកម្ម ឥណទានកម្ពុជា និងក្រុមហ៊ុនបៃតង ដើម្បីបង្កើនការគាំទ្រដល់សហគមន៍កសិកម្មទំនើប។
បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម ក្រសួងគ្រោងនឹងប្រើប្រាស់ថវិកាពិសេសមួយចំនួនដើម្បីជំរុញការបង្កើតសហគមន៍កសិកម្មទំនើប និងផ្តល់ការគាំទ្រដល់សហគមន៍ដែលស្មគ្រចិត្តចូលរួមផលិតពូជផ្ការំដួល និងសែនក្រអូបរបស់កម្ពុជា ដែលមានតម្រូវការខ្ពស់នៅក្នុងទីផ្សារស្រាប់ ដោយប្រើប្រាស់កម្ចីការប្រាក់ទាបប៉ុណ្ណោះ។
សូមជម្រាបបន្ថែមថា កាលពីពេលថ្មីៗកន្លងទៅ លោក ឌិត ទីណា ធ្លាប់បានពន្យល់អំពីដំណោះស្រាយ លើការរក្សាស្ថិរភាពថ្លៃស្រូវ តាមរយៈយន្តការចូលក្នុងសហគមន៍កសិកម្មទំនើបថា គឺអាចជួយកាត់បន្ថយថ្លៃដើម គ្រប់គ្រងបរិមាណ គ្រប់គ្រងថ្លៃតាមរយៈផលិតកម្មតាមកិច្ចសន្យា ពិសេសអ្វើឱ្យទិន្នផលស្រូវមានគុណភាព ដោយសាររបៀបដាក់ជី និងថ្នាំ មានសណ្ឋានតែមួយ។
បន្ថែមពីនេះ សហគមន៍កសិកម្មទំនើប គឺប្រៀបដូចជាការរួមគ្នាប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជា ពីលក្ខណៈគ្រួសារ ទៅជាទម្រង់សហគ្រាសសេដ្ឋកិច្ចរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងលើផ្នែកថ្លៃដើម បរិមាណ និងគុណភាព៕