ក្រុមហ៊ុនមួយរបស់ម៉ាឡេស៊ី នឹងបញ្ជាទិញស្វាយចន្ទី និងស្វាយកែវរមៀតពីកម្ពុជា ដាក់លក់ក្នុងប្រទេសខ្លួន និងប្រទេស៣ផ្សេងទៀត

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន TRACKINTECH SOLUTIONS SND BHD ម៉ាឡេស៊ី នឹងធ្វើការបញ្ជាទិញស្វាយចន្ទីកែច្នៃ ស្វាយកែវរមៀតពីកម្ពុជា ទៅដាក់លក់នៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេស៣ផ្សេងទៀតរួមមាន ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រ៊ុយណេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះអនុស្សរណៈនេះធ្វើឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ រវាងក្រុមហ៊ុនអ៊ែមភល អាហ្គ្រោប្រដាក់ ឯ.ក និងក្រុមហ៊ុន TRACKINTECH SOLUTIONS SND BHD ម៉ាឡេស៊ី និងរវាងក្រុមហ៊ុនគីរីរម្យ ហ្វ៊ូដ ប្រដាក់សិន ឯ.ក និង ក្រុមហ៊ុន TRACKINTECH SOLUTIONS SDN BHD ម៉ាឡេស៊ី ក្រោមអធិបតីភាពលោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រុមហ៊ុន TRACKINTECH SOLUTIONS SND BHD ម៉ាឡេស៊ី នឹងធ្វើការបញ្ជាទិញស្វាយចន្ទីកែច្នៃពីក្រុមហ៊ុនអ៊ែមភល អាហ្គ្រោប្រដាក់ ឯ.ក  និងស្វាយសម្ងួតពីក្រុមហ៊ុនគីរីរម្យ ហ្វ៊ូដ ប្រដាក់សិន ឯ.ក ក្នុងគោលបំណងលើកកម្ពស់ ផលិតផលស្វាយចន្ទី និងស្វាយកែវរមៀតកម្ពុជា បង្កើតលក្ខខណ្ឌដែលអ្នកចែកចាយនឹងមានសិទ្ធិផ្តាច់មុខក្នុងការធ្វើទីផ្សារ និងដាក់លក់ នៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រ៊ុយណេ។

ក្រុមហ៊ុន គីរីរម្យ ហ្វ៊ូដ ប្រដាក់សិន ក៏បានចាត់ទុកថា ការចុះMoU ទាំងនេះ គឺដើម្បីជំរុញកំណើននៃការនាំចេញស្វាយចន្ទី និងស្វាយរបស់កម្ពុជា ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកចែកចាយ ដើម្បីទទួលបានសិទ្ធិទីផ្សារ និងការលក់ផ្តាច់មុខសម្រាប់ផលិតផលទាំងនេះនៅក្នុងទីផ្សារម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រ៊ុយណេ។

សូមបញ្ជាក់ថា ដំណាំស្វាយចន្ទី និងស្វាយកែវរមៀត ​គឺជាដំណាំអាទិភាពក្នុងចំណោមដំណាំអាទិភាពទាំង១២មុខ​ ដែលក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ បាននឹងកំពុងបន្តលើកកម្ពស់ឧស្សាហកម្មកែច្នៃ តាមរយៈការជំរុញឱ្យមានការវិនិយោគឯកជនលើកសិផលមានសក្តានុពល។ជាក់ស្តែងកាលពីឆ្នាំ២០២៣ គ្រាប់ស្វាយចន្ទីមានប្រមាណ ជាង៤២តោន បាននាំចេញទៅកាន់ទីផ្សារ វៀតណាម ចិន ឥណ្ឌា ថៃ និងជប៉ុន។ រីឯការនាំចេញស្វាយស្រស់ជាង១៦ម៉ឺនតោន និងដំណាប់ស្វាយជាង២ម៉ឺនតោន បាននាំទៅកាន់ទីផ្សារ ចិន ហ្វីលីពីន ថៃ កូរ៉េ និងវៀតណាម។នេះបើតាមការបញ្ជាក់របស់លោកស្រី សុមេធ សុមនា អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម៕