សម្តេចធិបតី សម្រេចឱ្យដាក់របាំងដែកចែកទ្រូងផ្លូវ ៦០ម៉ែត្រ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យដាក់របាំងដែកចែកទ្រូងផ្លូវ ៦០ម៉ែត្រ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ខណៈសម្តេចក៏បានណែនាំឱ្យអាជ្ញាធរបង្កើនការត្រួតពិនិត្យការបើកបរដោយមានជាតិស្រវឹងឡើងវិញផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍របស់សម្តេច ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់អំពីការងើបឡើងវិញ នូវគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនៅលើផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។ទន្ទឹមគ្នានេះ ដោយមើលឃើញពីសោកនាដកម្ម និងសំណូមពរមហាជន សម្តេចនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង រៀបចំដាក់ដែកចែកទ្រូងផ្លូវ សម្រាប់ផ្លូវ៦០ម៉ែត្រនេះ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់ថា កម្ពុជា ក្រោយចប់សង្គ្រាម កត្តាដែលធ្វើឱ្យបាត់បង់មនុស្សច្រើនជាងគេ របួសច្រើនជាងគេ គឺគ្រោះថ្នាក់ចរាចរណ៍នេះតែម្តង។ជាថ្មីម្តងទៀត សម្តេចធិបតី ក៏បានជំរុញឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការរាជធានីខេត្ត យកចិត្តទុកដាក់ ក្នុងការអនុវត្តការត្រួតពិនិត្យជាតិស្រវឹង។

សូមរម្លឹកដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ ហាក់ដូចជាកើតឡើងញឹកញាប់ឡើងវិញ ជាពិសេសនៅលើផ្លូវ៦០ម៉ែត្រ។ ត្រឹមតែរយៈពេល ៥ថ្ងៃប៉ុណ្ណោះ នៅលើកំណាត់ផ្លូវ ៦០ម៉ែត្រ មូលដ្ឋានខណ្ឌមានជ័យ ជាប់ព្រំ ប្រទល់ខណ្ឌដង្កោ មានការកត់សម្គាល់ថា គ្រោះថ្នាក់ចរាចរណ៍ បានឆក់យកអាយុជីវិតមនុស្សក្មេងចាស់ចំនួន៤ នាក់ក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ដ៏រន្ធត់ ចំនួន២ករណីផ្សេងគ្នា។

ជាងនេះទៀត បើគិតត្រឹមឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ២ ៨៤៤លើកដោយបានបង្កឱ្យមានមនុស្សស្លាប់ចំនួន ១ ៥០៩នាក់។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ចូននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ តាមរបាយការណ៍ដដែល ចំនួនគ្រោះថ្នាក់ចររាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ បានថយចុះចំនួន ១៤% បើធៀបនឹងឆ្នាំ ២០២៣៕អត្ថបទ៖ហ្សាលីន