រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ១៩២,៥០៩ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។


កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ខែមករា ឆ្នាំ២០២៥ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំងពីរនាស្ថានទូតជប៉ុនប្រចាំភ្នំពេញ។
អង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា បានទទួលថវិកា៩២,១៩១ ដុល្លារអាមេរិកសម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាគល់ទទឹង ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ចំណែកមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានទទួលថវិកាចំនួន១០០,៣១៨ដុល្លារអាមេរិកសម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាភូមិថ្មីក្នុងស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ។

សម្រាប់គម្រោងនៅខេត្តពោធិ៍សាត់ អគារសិក្សា១ខ្នង ៦បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម បង្គន់អនាម័យ១ខ្នង ៦ បន្ទប់ និងកន្លែងលាងសម្អាតដៃចំនួន១នឹងត្រូវសាងសង់នៅសាលាបឋមសិក្សាគល់ទទឹង ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន ហើយយើងរំពឹងថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន ៣១៦នាក់និងគ្រូបង្រៀនចំនួន១០នាក់តាមរយៈការកែលម្អឱ្យកាន់តែប្រសើរឡើងនូវគុណភាពអប់រំ។
រីឯគម្រោងនៅខេត្តបន្ទាយមានជ័យ អគារសិក្សា១ខ្នង៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម បង្គន់អនាម័យ១ខ្នង ៤បន្ទប់ និងកន្លែងលាងសម្អាតដៃចំនួន១ នឹងត្រូវសាងសង់នៅសាលាបឋមសិក្សាភូមិថ្មី ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ គម្រោង នេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាពនិងផាសុកភាពជាងមុន ហើយ យើងរំពឹងថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន១៦៩នាក់ និងគ្រូបង្រៀនចំនួន៤ នាក់តាមរយៈការកែលម្អឱ្យកាន់តែប្រសើរឡើងនូវគុណភាពអប់រំ។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា៖ សិស្សចំនួនជិត៥០០នាក់និងគ្រូបង្រៀនជាង១០នាក់នៅសាលាបឋមសិក្សាគល់ទទឹង ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់និងសាលាបឋមសិក្សាភូមិថ្មី ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នឹងទទួលបានអត្ថប្រយោជន៍ពីជំនួយឥតសំណងដែលនឹងនឹងដើរតួយ៉ាងសំខាន់មួយក្នុងការកែលម្អគុណភាពអប់រំនៅក្នុងតំបន់។
លោកឯកអគ្គរាជទូតជប៉ុនបានបន្តថា៖ ក្នុងរយៈពេលជាង៣០ឆ្នាំជាងចុងក្រោយនេះ ស្ថានទូតជប៉ុន បានចូលរួមចំណែក ក្នុងគម្រោងចំនួន ៧០០ នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងគូសាណូ៕

