ឆ្នាំ២០២០នេះ គម្រោងរោងចក្រផលិតស្រាបៀថ្មីចំនួន ២ ទៀតបានសុំសិទ្ធិវិនិយោគអាជីវកម្មនៅទីផ្សារកម្ពុជា បន្ទាប់ពីទទួលបានការអនុម័តជាផ្លូវការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
រោងចក្រទីមួយរបស់ក្រុមហ៊ុន វឌ្ឍនៈប្រូវើរី (VATTANAC BREWERY) ជាបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈគ្រុប បានបើកការដ្ឋានសាងសង់កាលពីថ្ងៃ ២៥ មិថុនា ឆ្នាំ ២០២០។
រោងចក្រដ៏ធំនេះប្រើទុនវិនិយោគ ១៣៩ លានដុល្លារ មានទីតាំងស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ អាចចាប់ផ្តើមខ្សែចង្វាក់ផលិតកម្មនៅឆ្នាំ ២០២១ ជាមួយសមត្ថភាពផលិតរហូតដល់ ៧៦ លានកេស ក្នុងមួយឆ្នាំ។
រោងចក្រមួយនេះ រំពឹងថានឹងបង្កើតឱកាសការងារដល់បុគ្គលិករហូតដល់ជាង ១,៥០០នាក់។
ដោយឡែក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក៏បានអនុម័តគម្រោងរោងចក្រផលិតស្រាបៀនិងភេសជ្ជៈមួយទៀតមានតម្លៃ ១៦០ លានដុល្លារអាមេរិករបស់ក្រុមហ៊ុន HANUMAN BEVERAGES មានទីតាំងស្ថិតនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ រោងចក្រមួយនេះ អាចបង្កើតការងារបានចំនួន ១.៥៤៥កន្លែង។
នៅកម្ពុជាបច្ចុប្បន្នក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មានចំនួន ១០ រួមមាន ក្រុមហ៊ុន Ana Water and Smiler Beverage Co.,Ltd ក្រុមហ៊ុន Asian Sunrise Co.,Ltd ក្រុមហ៊ុន Cambodia Brewery Ltd (CBL) ក្រុមហ៊ុន Cambrew Ltd ក្រុមហ៊ុន Daun Penh Food & Beverage Co., Ltd ក្រុមហ៊ុន Khmer Beverage Co.,Ltd ក្រុមហ៊ុន Far East Import Export Co.,Ltd ក្រុមហ៊ុន Kingdom Breweries (Cambodia) Limited ក្រុមហ៊ុន Media G.B Enterprise Co.,Ltd និងក្រុមហ៊ុន Phnom Penh Beer Co., Ltd៕